ព័ត៌មានជាតិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យចូលរួមអនុវត្តផែនការ អភិវឌ្ឍបៃតង កាត់បន្ថយប្រើថង់ប្លាស្ទិក ដើម្បីខ្យល់បរិសុទ្ធ

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការណែនាំដល់ គ្រប់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមអនុវត្តផែនការ អភិវឌ្ឍបៃតង កាត់បន្ថយការប្រើថង់ប្លាស្ទិក ដើម្បីខ្យល់បរិសុទ្ធ និងសុខុមាលភាពសង្គម ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពី «មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អនុសាសន៍ក្រុមប្រតិបត្តិទាំងថ្នាក់កណ្ដាល និងសាខា ក្នុងការកំណត់ទិសដៅការងារ ដូចជា ត្រូវបន្តពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ជាមួយក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន សប្បុរសជន សហគមន៍មូលដ្ឋាន និងចលនាយុវជននានា ដែលធ្វើសកម្មភាពសង្គម គាំទ្រកម្លាំងមនុស្សធម៌ ។

សម្ដេចបន្ដថា ថ្នាក់កណ្តាល និងសាខា ត្រូវនាំគ្នាចូលរួមអនុវត្តសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ និងត្រូវរៀបចំផែនការ និងទិសដៅការងារឲ្យស្របទៅតាមបរិបទជាតិ ក្នុងស្មារតីពង្រឹងភាពម្ចាស់ការ ការទទួលខុសត្រូវឲ្យកាន់តែខ្ពស់ ប្រកបដោយគុណភាព ប្រសិទ្ធភាព ផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គូសបញ្ជាក់ថា «សូមចូលរួមទាំងអស់គ្នា ក្នុងការផ្ដោតសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម អនុវត្តផែនការអភិវឌ្ឍបៃតង កាត់បន្ថយការប្រើថង់ប្លាស្ទិក ដើម្បីខ្យល់បរិសុទ្ធ សុខុមាលភាព សង្គម និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើងថែមទៀត»។

សម្ដេចបន្ថែមថា កាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងសាមគ្គីភាព, កសាង និងបង្កើនសមត្ថភាពអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកឲ្យកាន់តែសកម្មនៅក្នុងការបន្ត ពង្រឹងភាពធន់សហគមន៍ និងក្នុងការពង្រីកការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន។

លើសពីនេះ សម្ដេចលើកឡើងថា មន្ត្រីម្នាក់ៗ បន្តយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ធ្វើការជាក្រុម បង្កើនសមត្ថភាពឲ្យទាន់តម្រូវការថ្មីនៃបច្ចេកវិទ្យា និងអភិវឌ្ឍមូលធនមនុស្ស ពោលគឺ ត្រូវសិក្សាបង្កើនចំណេះដឹង មានជំនាញវិជ្ជាជីវៈ មានសុខភាពល្អរឹងមាំ រស់នៅស្អាត មានអនាម័យ និងសីលធម៌ល្អ៕

To Top