ព័ត៌មានអន្តរជាតិ

ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សានៅតែបន្ត បន្ទាប់ពីអង្គការសហប្រជាជាតិ អនុម័តដំណោះស្រាយបទឈប់បាញ់

Xinhua

យូអិន៖ កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃពុធបានបន្តការវាយប្រហារតាមអាកាស និងការវាយប្រហារលើដីដ៏ខ្លាំងក្លារបស់ខ្លួន ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅក្នុងទីក្រុង Rafah និង Khan Younis នៅភាគខាងត្បូងនៃឧបទ្វីបនេះ បើទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” នៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃមុននេះ។

យោងតាមប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីន សាកសពរបស់ជនជាតិប៉ាឡេស្ទីនជាង ៤០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល រួមទាំងកុមារ ១០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Nasser ក្នុង Khan Younis កាលពីថ្ងៃពុធ។

មនុស្សប្រហែល ២០នាក់ បានស្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាភាគកណ្តាល ខណៈដែលមនុស្ស ១៥ នាក់ផ្សេងទៀតត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងជើងហ្គាហ្សាស្ទ្រីប។

ក្នុងចំណោមអ្នកស្លាប់មានអ្នកកាសែត Abdul Kareem Awad ដែលត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា អ្នក​កាសែត ៨៧នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់ហ្គាហ្សា។ យោងតាមប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា កវី និងអ្នកនយោបាយ Saleem al-Naffar រួមជាមួយបងប្រុស និងក្រុមគ្រួសាររបស់លោក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើអគារលំនៅដ្ឋានមួយក្នុងទីក្រុងហ្គាហ្សា។

ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានប្រកាសកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៨,៦០៨ នាក់ត្រូវបានសម្លាប់ និង ៥០,៥៩៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការ វាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top