ដាម៉ាស់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ឲ្យដឹងថា លោក Faisal Mekdad រដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរី និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអ៊ែល ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា ។
នៅក្នុងរបាយការណ៍បានដាក់ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំង២ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពកើនឡើងនៅប៉ាឡេស្ទីន ជាពិសេសតំបន់ហ្គាហ្សាស្ទ្រីប ហើយបានថ្កោលទោស ទៅលើ “ការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីស្រាអ៊ែល និងលោកខាងលិចប្រឆាំងនឹង ពលរដ្ឋប៉ាឡេស្ទីន” ។
របាយការណ៍បានដាក់ថា លោកទាំង២នាក់ ក៏បានសោកស្ដាយផងដែរចំពោះ ការបាត់បង់ជីវិតមនុស្សជិត ២០.០០០នាក់ នៅក្នុងតំបន់ហ្គាហ្សា ដោយសង្កត់ធ្ងន់លើតម្រូវការ ជួយសង្គ្រោះបន្ទាន់ដើម្បីបញ្ឈប់ ប្រតិបត្តិការយោធារបស់អ៊ីស្រាអ៊ែល និងផ្តល់ជំនួយមនុស្សធម៌សំខាន់ៗដល់តំបន់នេះ ។
នៅលើទំនាក់ទំនងទ្វេភាគី អ្នកការទូតកំពូលទាំង ២រូបបានលើកឡើងពីសារៈសំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀងផ្សេងៗ ដែលភាគីទាំង២សម្រេចបាន ដោយកត់សម្គាល់ថា ការសម្រេចចិត្តជាក់ស្តែងនឹងនាំមកនូវលទ្ធផលវិជ្ជមាន សម្រាប់ប្រជាជននៃប្រទេសទាំង២ គឺស៊ីរី និងអ៊ីរ៉ង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា