ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ច្រានចោលការផ្សាយរបស់កាសែត Wall Street Journal ដែលថា លោក Biden បានបញ្ជាលោកឱ្យបញ្ឈប់ ការវាយប្រហារលើក្រុម ហេសបូឡា

រូបភាពពី៖​ XINHUA

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ការផ្សាយរបស់កាសែត Wall Street Journal ដែលថា លោកបានលុបចោលការវាយប្រហារទុកជាមុនប្រឆាំងនឹងក្រុម ហេសបូឡា តាមការបង្គាប់បញ្ជា របស់ប្រធានាធិបតីអាមេរិក Joe Biden គឺជាមិនពិតនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ខ្ញុំបានឃើញរបាយការណ៍ខុសឆ្គងចំពោះឥទ្ធិពលដែលសហរដ្ឋអាមេរិកបានរារាំង និងកំពុងរារាំងយើងពីសកម្មភាពប្រតិបត្តិការនៅក្នុងតំបន់” ។ “នេះគឺមិនត្រឹមត្រូវនោះទេ អ៊ីស្រាអែលជារដ្ឋអធិបតេយ្យមួយ»។

Wall Street Journal បានផ្សាយកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលមានយន្តហោះចម្បាំងនៅលើអាកាសដើម្បីធ្វើការវាយប្រហារតាមអាកាសដ៏ធំប្រឆាំងនឹងក្រុមហេសបូឡានៅថ្ងៃទី១១ ខែតុលា ដែលមានរយៈពេលបួនថ្ងៃបន្ទាប់ពីការវាយប្រហារភេរវករដែលបង្កឱ្យមានសង្រ្គាមនៅហ្សេរុយសាឡឹមខាងលិចប្រឆាំងនឹងក្រុមហាម៉ាស។

កាសែតនេះបានសរសេរថា ដោយលើកឡើងពីប្រភពចារកម្មដែលបង្ហាញថា ក្រុមហេសបូឡាហ៍កំពុងរៀបចំប្រតិបត្តិការឆ្លងព្រំដែនស្រដៀងគ្នានេះប្រឆាំងនឹងរដ្ឋជ្វីហ្វនោះ គឺមន្ត្រីអ៊ីស្រាអែលបានជូនដំណឹងដល់រដ្ឋបាលរបស់លោក Biden អំពីផែនការរបស់ខ្លួន (អ៊ីស្រាអែល) ក្នុងការទម្លាក់គ្រាប់បែកលើក្រុមសកម្មប្រយុទ្ធលីបង់ ហើយបានស្វែងរកជំនួយពីសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក Netanyahu បើតាមសេចក្តីរាយការណ៍បានលុបចោលការវាយប្រហារតាមអាកាសនេះវិញ តាមការជំរុញរបស់លោក Biden បន្ទាប់ពីប្រធានាធិបតីអាមេរិកបានហៅលោក Netanyahu ឱ្យបង្ហាញពីមន្ទិលសង្ស័យរបស់ទីក្រុងវ៉ាស៊ីនតោនជុំវិញរបាយការណ៍ចារកម្មអ៊ីស្រាអែល៕ ប្រែសម្រួលៈ ណៃ តុលា

To Top