ព័ត៌មានជាតិ

មន្ដ្រីនគរបាល៥០នាក់ ត្រូវបានផ្ទេរភារកិច្ចចេញពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ទៅបម្រើការងារនៅតាមបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។


សូមរំលឹកថា ក្នុងមួយរយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំមួយចំនួននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានដកតំណែង និងផ្ទេរភារកិច្ចជាបន្តបន្ទាប់។ជាក់ស្ដែងលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ ត្រូវបានដកតំណែង ក្រោយរងបណ្ដឹងគាបស៊ីលុយពីក្រុមហ៊ុនលក់ស្រា ចំនួន១០ម៉ឺនដុល្លារ។ដោយឡែក លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ត្រូវបានដកហូតតំណែងពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋាន៕

To Top