ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធរបាយការណ៍របស់ IAEA អំពីការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានរាយការណ៍​ថា ប្រមុខនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ បានច្រានចោលការ អះអាងដែលថា ប្រទេសនេះបានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់ខ្ពស់របស់ខ្លួនថាជា “ការបំភាន់ប្រព័ន្ធផ្សព្វផ្សាយ” ។

លោក Mohammad Eslami ប្រធានអង្គការ ថាមពលអាតូមិក នៃប្រទេសអ៊ីរ៉ង់ បានធ្វើអត្ថាធិប្បាយនៅក្រៅ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលសង្ខេបរបាយការណ៍សម្ងាត់ ដែលលេចធ្លាយ​ ។

លោក​បាន​អះអាង​ថា “សកម្មភាព​ចម្រាញ់​សារធាតុ​ អ៊ុយរ៉ានីញ៉ូម​របស់​ប្រទេស​អ៊ីរ៉ង់ ​នៅ​តែ​មិន​មាន​ការ​ផ្លាស់​ប្តូរ និង​អនុលោម​តាម​បទប្បញ្ញត្តិ​អន្តរជាតិ”។ លោក Eslami ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ថា​ “​យើង​បាន​បង្កើន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដល់​ទៅ ៦០ ភាគរយ​មួយ​រយៈ​មក​ហើយ”។

លោកបានលើកឡើងថា “នេះគ្រាន់តែជាការឃោសនាបំផ្លើសប្រព័ន្ធផ្សព្វផ្សាយ” ដោយអះអាងថារបាយការណ៍នេះត្រូវបាន “រៀបចំដោយសេតវិមាន និងអ៊ីស្រាអែល” ដើម្បីបង្វែរការយកចិត្តទុកដាក់ពីសកម្មភាពរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា និងបង្វែរសម្ពាធសាធារណៈ។

របាយការណ៍របស់ IAEA បានអះអាងថា អ៊ីរ៉ង់បានផ្លាស់ប្តូរ ការធ្លាក់ចុះនាពេលថ្មីៗនេះ ក្នុងការចម្រាញ់សារធាតុ អ៊ុយរ៉ានីញ៉ូមរបស់ខ្លួនទៅ “ជិតកម្រិតអាវុធ” ដោយបន្ថែមថា អ៊ីរ៉ង់ នៅតែបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ ៦០ ភាគរយនៅឯរោងចក្រ Natanz និង Fordow របស់ខ្លួន។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែររួមនៃផែនការសកម្មភាព (JCPOA) ជាមួយមហាអំណាចក្នុងឆ្នាំ២០១៥ ដោយយល់ព្រមកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ការដកខ្លួនរបស់អាមេរិកចេញពី កិច្ចព្រមព្រៀង ក្នុងឆ្នាំ២០១៨ និងការដាក់ទណ្ឌកម្មឡើងវិញ ជាបន្តបន្ទាប់បានជំរុញ ឱ្យអ៊ីរ៉ង់កាត់បន្ថយការប្តេជ្ញាចិត្ត JCPOA របស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top