ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកដំណើរការ ស្ថានទូតរបស់ខ្លួនឡើងវិញ ក្នុងរដ្ឋសមាជិកអាហ្វ្រិកមួយ

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្ថានទូតរុស្ស៊ីប្រចាំប្រទេស Burkina Faso បានដំណើរការឡើងវិញជាផ្លូវការហើយ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាង ៣ទសវត្សរ៍។

ប្រភពដដែលបានឲ្យដឹងដែរថា ការសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងត្រឹមតែប្រាំខែ បន្ទាប់ពីប្រធានាធិបតី Vladimir Putin និងមេដឹកនាំបណ្តោះអាសន្ន នៃប្រទេសអាហ្វ្រិកខាងលិចនេះ លោក Ibrahim Traore បានពិភាក្សាអំពីការពង្រឹង ទំនាក់ទំនងការទូតកាលពីខែកក្កដា។

ការបើកបេសកកម្មឡើងវិញនេះ បង្ហាញថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-Burkina Faso កំពុងត្រឡប់មកដើរលើផ្លូវត្រូវឡើយវិញ នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសរបស់ រដ្ឋាភិបាលទីក្រុងOuagadougou លោក Jean Marie Traore Karamokoដែលលោក បាននិយាយក្នុងជំនួបជាមួយលោក Alexey Saltykov ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំនៅកូតឌីវ័រមុននេះមួយថ្ងៃ។

គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ី បានបិទបេសកកម្មការទូតរបស់ខ្លួន នៅក្នុងប្រទេសBurkina Faso ក្នុងឆ្នាំ១៩៩២ ហើយអតីតអាណានិគមបារាំង បានបិទរបស់ខ្លួននៅក្នុងទីក្រុងមូស្គូក្នុងឆ្នាំ១៩៩៦ តាមសេចក្តីរាយការណ៍ថា ដោយសារតែបញ្ហាហិរញ្ញវត្ថុ។

ទោះយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០១៣ ទីក្រុងOuagadougou បានបើកស្ថានទូតរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសរុស្ស៊ី។ តាំងពីពេលនោះមក ស្ថានទូតរុស្ស៊ីប្រចាំនៅកូតឌីវ័រ ទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេស Burkina Faso៕

ប្រែសម្រួល៖ ស៊ុន លី

To Top