ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីរុស្ស៊ី មួយរូប ប្តឹងធនាគាររបស់អ៊ីស្រាអែល ពីបទបង្កកទ្រព្យសម្បត្តិ មិនឱ្យបរិច្ចាគ

រូបភាព៖ RT News

បរទេស៖ មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich បានទាមទារឱ្យធនាគារ Mizrahi Tefahot របស់អ៊ីស្រាអែល ដោះសោគណនីរបស់លោក និងអនុញ្ញាតឱ្យលោកបរិច្ចាគប្រាក់ ៨លានNIS ស្មើនឹងប្រហែល ២,២លានដុល្លារ ដល់ ZAKA ដែលជាអង្គការក្រៅរដ្ឋាភិបាល (NGO) ដែលមានមូលដ្ឋាននៅទីក្រុង Jerusalem ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អង្គការ ZAKA ដែលប្រតិបត្តិការក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងអ្នកជំនាញការជួយសង្គ្រោះដែលបានទទួលការបណ្តុះបណ្តាលពិសេសនោះ គឺជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះសាកសពរបស់ជនជាតិអ៊ីស្រាអែលរាប់រយនាក់ រួមទាំងពីតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ដែលបណ្តាលឱ្យមានការស្លាប់ជនជាតិអ៊ីស្រាអែល ១២០០នាក់។

លោក Roman Abramovich ដែលត្រូវបានផ្តល់សញ្ជាតិអ៊ីស្រាអែលក្នុងឆ្នាំ ២០១៨ និង ZAKA បានដាក់ពាក្យប្តឹងធនាគារដោយចោទប្រកាន់ថា ធនាគារ Mizrahi Tefahot បានបដិសេធដោយខុសច្បាប់នូវសំណើរបស់លោក Abramovich ក្នុងការផ្ទេរមូលនិធិដែលមានបំណងគាំទ្រសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលចំពេលមានជម្លោះដែលកំពុងបន្ត។

ធនាគារបានបដិសេធការផ្ទេរនេះមុននេះ ដោយលើកឡើងពីការដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីរូបនេះ ដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលអង់គ្លេស។ ធនាគារបានអះអាងថា ដោយសារតែការដាក់ទណ្ឌកម្មទាំងនេះ គឺថា គណនីធនាគាររបស់លោក Abramovich ដែលទ្រព្យសម្បត្តិសុទ្ធត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ៩ ពាន់លានដុល្លារ ត្រូវបានបិទ ហើយមិនមានប្រតិបត្តិការណាមួយអាចត្រូវបានអនុវត្តនោះទេ។ នេះបើយោងតាមទស្សនាវដ្តី Forbes ៕

ប្រែសម្រួលៈ ណៃ តុលា

To Top