ព័ត៌មានជាតិ

កម្មវិធីបណ្តុះបណ្តាលជំនាញ ១.៥លាននាក់៖ ក្រសួងការងារ នឹងបើកបវេសនកាលទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងបើកបវេសនកាលសម្រាប់ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤​ ខណៈមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត ២ម៉ឺននាក់។

លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ក្រសួងការងារ នឹងបើកបវេសនកាលព្រមគ្នា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីផ្តើមការបណ្តុះបណ្តាលវគ្គទី១។

លោក​ បន្ថែមថា៖ “កម្មវិធីបើកបវេសនកាលធំ គឺធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខ ដែលជានិមិត្តរូបនៃការបើកវគ្គបណ្តុះបណ្តាល នៅទូទាំងប្រទេសនៃកម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន ប្រកាសដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត”។

មួយវិញទៀត លោកអ្នកនាំពាក្យ បានបញ្ជាក់ពីចំនួនអ្នកចូលរៀន ដែលគិតមកត្រឹមថ្ងៃទី២៩ ខែធ្នូ នេះមានពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ ជាង១.៩ម៉ឺននាក់ បានមកចុះឈ្មោះចូលរៀន។ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។ បន្ថែមពីនេះ វិស័យដែលទទួលបានការ ចាប់អារម្មណ៍ច្រើនជាងគេគឺ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។ នេះបើតាមការបញ្ជាក់របស់ក្រសួងដដែល។

លោកអ្នកនាំពាក្យ បានរំលឹកថា ដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន មន្ត្រីក្រសួងគ្រប់ជាន់ថ្នាក់ និងវិទ្យាស្ថានទូទាំងប្រទេស បានចេញយុទ្ធនាការគោះទ្វា គ្រប់ខ្នងផ្ទះនៅគ្រប់ច្រកល្ហក និងទីប្រជុំជនដើម្បីប្រកាស និងពន្យល់ពីកម្មវិធីថ្នាក់ជាតិធ្វើយ៉ាងណាឱ្យ ក្រុមយុវជនគោលដៅចុះឈ្មោះចូលរៀន។

សូមបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលនេះដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ៕

To Top