ហ្គាហ្សា ៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាន នៅហ្គាហ្សាបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិ ប៉ាឡេស្ទីន ១៨៧នាក់ត្រូវបានសម្លាប់ និង ៣១២ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសនិងដីរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
ក្រសួងបានបន្ថែមថា វាបានបង្កើនចំនួនអ្នកស្លាប់ សរុបរបស់ប៉ាឡេស្ទីនដល់ ២១,៥០៧នាក់ និងរបួសដល់ ៥៥,៩១៥ ចាប់តាំងពីជម្លោះបានផ្ទុះឡើង កាលពីថ្ងៃទី០៧ ខែតុលា។
ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ការទម្លាក់គ្រាប់បែក និងប្រតិបត្តិការជើងគោក អ៊ីស្រាអែល ដ៏ខ្លាំងក្លាបានបន្តពីផ្លូវអាកាស ដីគោក និងសមុទ្រនៅក្នុងផ្នែកភាគច្រើន នៃតំបន់ជុំវិញ ជាពិសេសនៅតំបន់កណ្តាល និងភាគខាងត្បូង។
ទន្ទឹមនឹងនេះដែរ សង្គមអឌ្ឍចន្ទក្រហម ប៉ាឡេស្ទីន បានប្រកាសថា ខ្លួនកំពុងធ្វើការ ជាមួយអឌ្ឍចន្ទក្រហមអេហ្ស៊ីប ដើម្បីបង្កើតជំរុំជនភៀសខ្លួន ដែលបានរៀបចំជាលើកដំបូងនៅទីក្រុង Khan Younis ដែលជាទីក្រុងធំជាងគេ នៅភាគខាងត្បូងនៃតំបន់នោះ។
អង្គការនេះបានឲ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជំរុំនៅក្នុងដំណាក់កាលដំបូងរបស់វានឹងមាន ៣០០ តង់ ហើយក្រោយមកសមត្ថភាព នឹងត្រូវបានពង្រីករហូតដល់ ១០០០ តង់ សម្រាប់ផ្ទុកជនភៀសខ្លួននៅភាគខាងត្បូង៕
ប្រែសម្រួល ឈូក បូរ៉ា