បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងសងសឹកទៅលើគ្រប់រូបភាព ចំពោះការរឹបអូសទ្រព្យសម្បត្តិ របស់ខ្លួន ដោយប្រទេសលោកខាងលិច។
អាជ្ញាធររុស្ស៊ី បានវាយតម្លៃ ពីភាពមិនអាចទាយទុក ជាមុនបានរបស់ភាគីប្រឆាំង ក៏ដូចជាទំនោររបស់ពួកគេ ក្នុងការបំពានច្បាប់អន្តរជាតិ និងច្បាប់ផ្សេងទៀត លោក Peskov បានបញ្ជាក់ដោយបន្ថែមថា សម្រាប់ពេលនេះ ការរឹបអូសទ្រព្យសម្បត្តិបរទេស នៅក្នុងប្រទេសរុស្ស៊ី អាចត្រូវបានពិចារណា តែក្នុងន័យទ្រឹស្តីប៉ុណ្ណោះ។
យោងតាមមន្ត្រីជាន់ខ្ពស់រូបនេះ ដដែល បានឲ្យដឹងថារដ្ឋាភិបាលទីក្រុងមូស្គូ មានបញ្ជីរបស់សហរដ្ឋអាមេរិក អឺរ៉ុប និងទ្រព្យសម្បត្តិផ្សេងទៀតដែលនឹងត្រូវរឹបអូស ប្រសិនបើប្រទេស G7 សម្រេចចិត្តរឹបអូសប្រាក់បម្រុង ចំនួន៣០០ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់រដ្ឋរុស្ស៊ី។
កាលពីដើមខែនេះ កាសែត Financial Times បានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យក្រុមការងារមកពី G7 រិះរកវិធីដើម្បីរឹបអូសទ្រព្យសម្បត្តិ រុស្ស៊ីចំនួន៣០០ពាន់លានដុល្លារ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាខួបលើកទី២ នៃការចាប់ផ្តើម នៃអរិភាពនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី