តូក្យូ៖ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា កប៉ាល់ដែលជាកម្មសិទ្ធិរបស់យោធាអាមេរិក បានមកដល់កាលពីថ្ងៃសៅរ៍នៅឯស្ថានីយ៍អាកាស Marine Corps Air Iwakuni ដោយដឹកបំណែកពីយន្តហោះដឹកជញ្ជូន Osprey របស់ប្រទេសនេះ ដែលបានធ្លាក់ចេញពីកោះភាគនិរតីនៃប្រទេសជប៉ុន កាលពីចុងខែវិច្ឆិកា។
រដ្ឋាភិបាលទីក្រុង Iwakuni ក្នុងខេត្ត Yamaguchi បានបង្ហាញពីការមកដល់នេះ ដោយដកស្រង់សម្តីការិយាល័យក្នុងតំបន់នៃក្រសួងការពារជាតិជប៉ុន។ យោធាសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងស៊ើបអង្កេតឱ្យបានពេញលេញនូវអ្វី ដែលត្រូវបានជួយសង្គ្រោះពីយន្តហោះដែលបានធ្លាក់ក្នុងដែនទឹកក្បែរកោះ Yakushima ក្នុងខេត្ត Kagoshima កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។
វាត្រូវបានបញ្ជាក់កាលពីថ្ងៃពុធថា បំណែកយន្តហោះត្រូវបានទាញចេញពីសមុទ្រ ហើយដាក់នៅលើក្តារបន្ទះរបស់នាវាសង្គ្រោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រអប់ខ្មៅរបស់យន្តហោះនេះ ត្រូវបានរកឃើញវិញហើយ ហើយនឹងអនុញ្ញាតឱ្យយោធាអាមេរិក ពិនិត្យមើលថាតើអ្វីបណ្តាលឱ្យធ្លាក់យន្តហោះនេះ នេះបើយោងតាមប្រភពដែលទាក់ទងនឹងបញ្ហានេះ។
បំណែកយន្តហោះដែលត្រូវបានគេរកឃើញគឺជាផ្នែកមួយនៃតួយន្តហោះដឹកជញ្ជូន CV-22 ដែលត្រូវបានគេចាត់ឱ្យទៅមូលដ្ឋានទ័ពអាកាស Yokota នៅជាយក្រុងភាគខាងលិចនៃទីក្រុងតូក្យូ។ យន្តហោះនេះត្រូវបានគេរកឃើញនៅក្រោមទឹកនៅដើមខែធ្នូបក្បែរកោះ៕ ប្រែសម្រួល ឈូក បូរ៉ា
