បរទេស៖ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិកបានឡើងមុខជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ទីផ្សារពិភពលោកក្នុងឆ្នាំ២០២៣កន្លងមកនេះ។
ប្រភពដដែលបានសរសេរទៀតថា ដោយលើកឡើងពីទិន្នន័យតាមដាននាវាដឹកប្រេង និងទិន្នន័យរបស់រដ្ឋាភិបាល ប្រទេសអូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ ២ណៈពេលដែលប្រទេសកាតាដែលជាប់ចំណាត់ថ្នាក់ទី១ក្នុងឆ្នាំ២០២២ឃើញថាទិន្នផលរបស់វាធ្លាក់ចុះ ១,៩ភាគរយហើយបានធ្លាក់ចុះមកចំណាត់ថ្នាក់ទី៣វិញ។
យោងតាមរបាយការណ៍ ការនាំចេញ LNG របស់សហរដ្ឋអាមេរិក បានកើនឡើងដល់កំណត់ត្រាប្រចាំខែ និងប្រចាំឆ្នាំកាលពីខែមុន ដោយប្រទេសនេះបាននាំចេញ ៨,៦ លានតោនក្នុងខែធ្នូ ដល់ចំនួនសរុប៨៨,៩ លានតោនក្នុងឆ្នាំ២០២៣កើនឡើង១៤,៧ភាគរយបើធៀបនឹងឆ្នាំ ២០២២។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក អឺរ៉ុបនៅតែជាគោលដៅនាំមុខគេសម្រាប់ការនាំចេញ LNG របស់សហរដ្ឋអាមេរិកកាលពីខែមុន ដែលស្មើនឹង៥,៤៣លានតោន ឬច្រើនជាង៦០ភាគរយនៃការដឹកជញ្ជូនសរុប៕ ប្រែសម្រួល៖ស៊ុនលី