តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា សន្តិសុខនៅតំបន់ហ្គាហ្សា និងតំបន់វេសបែង មានទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយតំបន់នោះ ហើយសង្រ្គាមមិនមែនជាដំណោះស្រាយនោះទេ។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងរបស់លោកស្រី Catherine Colonna នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
ក្នុងអំឡុងកិច្ចពិភាក្សា លោក Amir-Abdollahian បានលើកឡើងថា មធ្យោបាយតែមួយគត់ ដើម្បីទប់ស្កាត់ការពង្រីកជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស និងធានាសន្តិភាពយូរអង្វែងនៅក្នុងតំបន់ គឺត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះឫសគល់នៃបញ្ហាប្រឈម ហើយប្តេជ្ញាចិត្តដោះស្រាយវា។
ដោយបន្ទោសអស្ថិរភាពក្នុងតំបន់លើការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល ក្រោមការយល់ព្រមរបស់សហរដ្ឋអាមេរិក លោក Amir-Abdollahian បានបន្ដថា វាមិនអាចទៅរួចទេក្នុងការបិទភ្នែកមើលហេតុផលឫសគល់ទាំងនេះ ស្របពេលជាមួយគ្នានេះបង្ហាញពីការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងតំបន់។
ចំណែកលោកស្រី Colonna បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ ដោយអំពាវនាវឱ្យអ៊ីរ៉ង់ជួយទប់ស្កាត់ការពង្រីកវិសាលភាពនៃជម្លោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្រីក៏បានថ្កោលទោសការវាយប្រហារ “ភេរវករ” ដ៏សាហាវកាលពីថ្ងៃពុធនៅទីក្រុង Kerman ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្ស ៩២នាក់ និងរបួសជាង ២៨០នាក់ផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា