ព័ត៌មានជាតិ

គ.ជ.ប ណែនាំឱ្យ​ពង្រឹង​សន្ដិសុខ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា នៅថ្ងៃអាទិត្យ ទី២៥ កុម្ភៈ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំឱ្យភាគី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​កិច្ចសហការ ការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា​ នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។

តាមរយៈសេចក្ដីណែនាំរបស់ គ.ជ.ប នាពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងគោលបំណងឱ្យដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំដល់លេខាធិការដ្ឋាន សន្តិសុខបោះឆ្នោត នៃ គ.ជ.ប គណៈកម្មតាររាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ឱ្យយកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ និងវិធានការនានា ។

គ.ជ.ប បន្ដថា លេខាធិការដ្ឋាន សន្តិសុខបោះឆ្នោតនៃ គ.ជ.ប និង គធ.ខប ត្រូវសហការ និងពិគ្រោះយោបល់ ជាមួយលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងគណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងការចាត់ចែងរៀបចំកម្លាំង នគរបាល ឬ/និង កងរាជអាវុធហត្ថ ឬ/និងកងយោធពលខេមរភូមិន្ទដែលមានមូលដ្ឋានឈរជើងនៅតាមរាជធានី ខេត្ត ឱ្យបំពេញ ភារកិច្ចជាភ្នាក់ងារ សន្តិសុខបោះឆ្នោត តាមដំណាក់កាលនីមួយៗ ដើម្បីការពារមុខសញ្ញា និងគោលដៅសំខាន់ៗ ផ្អែកតាមចំនួនកម្លាំង ដែលបានកំណត់ក្នុងផែនការ អន្តរស្ថាប័ន ចាត់វិធានការនានា ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរ ការនៃការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយអនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ព្រមទាំង ផែនការ ឬក៏សេចក្តីណែនាំផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការងារសន្តិសុខ ។

លើសពីនេះ គធ.ខប នីមួយៗ ត្រូវពង្រឹងកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ដែលមានស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ជាសេនាធិការ ពិសេសកម្លាំងការពារក្នុងពេល ឃោសនាបោះឆ្នោត ការពារការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត កម្លាំងត្រៀមអន្តរាគមន៍ ភូមិសាស្ត្រខាងក្រៅក្នុងក្រុង ស្រុក ខណ្ឌនីមួយៗ និងកម្លាំងត្រៀមអន្តរាគមន៍ នៅនឹងកន្លែងនៅតាមបញ្ជាការដ្ឋាន យោធភូមិភាគនៃរាជធានី ខេត្តដែលពាក់ព័ន្ធ ដោយផ្អែកតាមផែនការកំណត់ ។

ទន្ទឹមនឹងនេះ គធ.ខប ត្រូវយកចិត្តទុកដាក់តាមដាន និងបង្កើនការផ្លាស់ប្តូរព័ត៌មាន អំពីសភាពការណ៍សន្តិសុខ ទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យ បានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ឬ មានអគ្គិភ័យ ឬបញ្ហាសុខភាពផ្សេងៗទៀត ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ៕

To Top