ព័ត៌មានអន្តរជាតិ

កងទ័ព​អ៊ីស្រាអែល បញ្ជាក់ពីការ​​សម្លាប់ ​មេទ័ពរបស់ក្រុម​ហាម៉ាស ​នៅក្នុងប្រទេស​ស៊ីរី

រូបភាព៖ Xinhua

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានធ្វើឃាតមេបញ្ជាការក្រុមហាម៉ាសម្នាក់នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា មន្ត្រីក្រុមហាម៉ាស ជាអ្នកទទួលខុសត្រូវ លើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ប្រឆាំងនឹងអ៊ីស្រាអែល។

អ្នកនាំពាក្យយោធាលោក Daniel Hagari បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងបានកម្ចាត់ Hassan Akasha នៅក្នុងទីក្រុង Beit Jann នៅភាគខាងត្បូងប្រទេសស៊ីរី។ គាត់គឺជាឥស្សរជនសំខាន់ ដែលទទួលខុសត្រូវ ចំពោះការបាញ់គ្រាប់រ៉ុក្កែត របស់ក្រុមហាម៉ាស ពីទឹកដីស៊ីរី ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ” ។

កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានភេរវករ ចេញពីទឹកដីស៊ីរីឡើយ ហើយចាត់ទុកស៊ីរី ជាអ្នកទទួលខុសត្រូវ ចំពោះរាល់សកម្មភាព ដែលបញ្ចេញចេញពីទឹកដីរបស់ខ្លួន។

ការ​សម្លាប់​នេះ​ បាន​កើត​ឡើង​ចំពេល ​ជម្លោះ​ដ៏​សាហាវ ​ដែល​កំពុង​កើត​ឡើង​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ដែល​កើត​ឡើង​ជា​ចម្បង​នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស។

កាលពីព្រឹកថ្ងៃចន្ទ អ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានសម្លាប់លោក Wissam Hassan Tawil ដែលជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំង Radwan វរជនរបស់ក្រុមហេសបូឡាហ៍ នៅក្នុងប្រទេសលីបង់ ប៉ុន្ដែអ៊ីស្រាអែល ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ ​ជុំវិញ​ហេតុការណ៍​នេះ​ទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top