ព័ត៌មានជាតិ

ទំនាក់ទំនងទ្វេភាគី កម្ពុជា-ថៃ នឹងកាន់តែល្អរឹងមាំ លើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរលើគ្រប់វិស័យ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ

រូបភាពពី៖​ STPM

ភ្នំពេញ ៖ ទំនាក់ទំនងទ្វេភាគី កម្ពុជា-ថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

នេះបើយោងតាមលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឲ្យលោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួបនេះ ឯកអគ្គរាជទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ។

ទនឹ្ទមនឹងនេះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន នាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅថៃ នាពេលខាងមុខ ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក ឆឺតកៀត អាត់ថាកន និងសហការី និងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃឲ្យកាន់តែល្អរឹងមាំ និងលូតលាស់បន្ថែមទៀត ។ សម្តេចធិបតី ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម ៕

To Top