តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីរុស្ស៊ីរបស់លោក Sergei Lavrov បានផ្លាស់ប្តូរទស្សនៈ ស្តីពីស្ថានភាពសមុទ្រក្រហម ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង នៅទូទាំងតំបន់។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពី ការវិវឌ្ឍន៍ចុងក្រោយ នៃជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប និងបញ្ហាទាក់ទងនឹង ទំនាក់ទំនងទ្វេភាគី រួមទាំងការបញ្ចប់សន្ធិសញ្ញា ស្តីពីកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយក្រសួងការបរទេសអ៊ីរ៉ង់។
លោក Amir-Abdollahian បានឲ្យដឹងថា ការវិវឌ្ឍន៍នៅសមុទ្រក្រហម មានទំនាក់ទំនងគ្នា ជាមួយស្ថានភាពនៅហ្គាហ្សា និងអាកប្បកិរិយារបស់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះប៉ាឡេស្ទីន ខណៈពេលដែលគូសបញ្ជាក់ អំពីសារៈសំខាន់នៃការធានាសន្តិសុខ ដឹកជញ្ជូនអន្តរជាតិ។
អ្នកការទូតកំពូលរបស់អ៊ីរ៉ង់ ក៏បានលើកឡើងពីភាពចាំបាច់ ដើម្បីបញ្ឈប់ការវាយប្រហារ របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងការសម្លាប់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវគេជិះជាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សម្រាប់ផ្នែករបស់លោកវិញ លោក Lavrov បានចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ ចំពោះការវាយប្រហារ “ភេរវករ” នៅទីក្រុង Kerman ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០៣ ខែមករា ដែលបានសម្លាប់មនុស្សជាង ៩០នាក់ និងជាច្រើននាក់ទៀតរងរបួស។
លោកបានលើកឡើងថា ប្រទេសរបស់លោក មានឆន្ទៈចង់ឃើញការស្ដារឡើងវិញនូវភាពស្ងប់ស្ងាត់ ការបញ្ចប់សង្គ្រាមនៅហ្គាហ្សា និងការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេស ដើម្បីបញ្ចប់សន្ធិសញ្ញា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនរវាងភាគីទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា