បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើការសង្កត់ធ្ងន់ និងព្រមានសាជាថ្មីថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង កំពុងបង្កើនសមត្ថភាពយោធា របស់ខ្លួន ប៉ុន្តែទុកសម្រាប់ តែគោលបំណង ការពារប៉ុណ្ណោះ ហើយនឹងមិនវាយប្រហារមុននោះឡើយ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងត្រៀមខ្លួនសម្រាប់សង្គ្រាម ហើយនឹងមិនមានការស្ទាក់ស្ទើរក្នុងការបំផ្លាញកូរ៉េខាងត្បូងឡើយមិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំគីម ជុងអ៊ុន បានប្រកាស ខណៈដែលសង្កត់ធ្ងន់ថា ទីក្រុងព្យុងយ៉ាងទោះបីជាយ៉ាងណានឹងមិនចាប់ផ្តើមជម្លោះនោះមុនភាគីផ្សេងទេ។
ក្នុងឳកាសនោះលោកក៏បានពណ៌នាទីក្រុងសេអ៊ូលថាជារដ្ឋអរិភាពបំផុតចំពោះកូរ៉េខាងជើង ហើយបានចោទប្រកាន់ថា ជារដ្ឋដែលតែប៉ុនប៉ងផ្តួលរំលំរបបដឹកនាំនៅទីក្រុងព្យុងយ៉ាង។
សេចក្តីថ្លែងនិងការកត់សម្គាល់ថ្មីបំផុតរបស់លោកគីមលើកនេះបានកើតឡើងភ្លាមៗបន្ទាប់ពីកូរ៉េខាងត្បូងបានជម្លៀសជនស៊ីវិលចេញពីកោះ Yeonpyeong ដោយចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានបាញ់កាំភ្លើងធំចំនួន២០០គ្រាប់ចូលទៅក្នុងតំបន់ការពារដែនសមុទ្រនៅឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនកាលពីថ្ងៃសុក្រ៕
ប្រែសម្រួល៖ស៊ុនលី