យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល “គ្មានចេតនា” ក្នុងការរក្សាការកាន់កាប់ តំបន់ហ្គាហ្សា ឬការផ្លាស់ទីលំនៅជនស៊ីវិលនោះទេ។
លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់មួយថ្ងៃមុន ការបើកសវនាការនៅតុលាការ យុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ទាក់ទងនឹងការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប។
លោកបានលើកឡើងថា “ខ្ញុំចង់បញ្ជាក់ចំណុចមួយចំនួនឱ្យច្បាស់ណាស់ អ៊ីស្រាអែល មិនមានចេតនាកាន់កាប់តំបន់ហ្គាហ្សាជាអចិន្ត្រៃយ៍ ឬការផ្លាស់ប្តូរប្រជាជនស៊ីវិលរបស់ខ្លួននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា គឺសំដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស “មិនមែនប្រជាជនប៉ាឡេស្ទីននោះទេ ហើយយើងកំពុងធ្វើដូច្នេះដោយអនុលោមតាមច្បាប់អន្តរជាតិ”។
លោកបន្ថែមថា “កងទ័ពអ៊ីស្រាអែល កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយការស្លាប់ និងរបួសជនស៊ីវិលជាអប្បបរមា ខណៈដែលក្រុមហាម៉ាស កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពង្រីកពួកគេជាអតិបរមា ដោយប្រើជនស៊ីវិលប៉ាឡេស្ទីន ជាខែលការពារមនុស្ស”។
លោកបានបញ្ជាក់បន្ថែមថា “គោលដៅរបស់យើង គឺដើម្បីកម្ចាត់ក្រុមភេរវករហាម៉ាស នៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងរបស់យើង”។ ចាប់តាំងពីក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនកាលពីថ្ងៃទី០៧ ខែតុលា មនុស្សប្រហែល ១,២០០ នាក់ក្នុងប្រទេសអ៊ីស្រាអែល រួមទាំងជនស៊ីវិលចំនួន ៧៩០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុកដំបូងខណៈ ដែលយុទ្ធជនហាម៉ារាប់រយនាក់ និងពលរដ្ឋហ្គាហ្សា បានវាយឆ្មក់សហគមន៍ភាគខាងត្បូង។ ក្រុមហាម៉ាស់បានចាប់មនុស្ស ២៥៣នាក់ធ្វើជាចំណាប់ខ្មាំង ដោយមនុស្ស ១៣២នាក់នៅតែត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា