ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ រំលឹកជាថ្មីឲ្យសមាគម-អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បំពេញកាតព្វកិច្ចតាមការកំណត់

ភ្នំពេញ ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកសារជាថ្មីចំពោះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ មករា បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន៦.២៧៩ ក្នុងនោះសមាគម មានចំនួន២.៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣.៥៣២ ត្រូវបានចុះបញ្ជីនិងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ហើយ អាចធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបន្ដថា វត្តមាននៃសមាគមនិងអង្គការមិនមែន រដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យ ជាច្រើននៅទូទាំងប្រទេស ក្នុងនោះមានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានបំពេញ កាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀត មិនបានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ ទោះបីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់ចេញនូវសេចក្តីជូនដំណឹងអំពីការបំពេញកាតព្វកិច្ច ចំពោះសមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកចំនួនពីរលើករួចមកហើយក៏ដោយ។

ក្រសួងគូសបញ្ជាក់ថា «លើមូលដ្ឋាននេះ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួម លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃសូមធ្វើការរំលឹកសារជាថ្មីចំពោះសមាគមនិងអង្គការមិនមែនរដ្ឋា ភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់»៕

To Top