ព័ត៌មានជាតិ

កម្ពុជា ចាប់ផ្តើមនាំចេញអង្ករ ទៅកាន់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ជាលើកដំបូង ចំនួន៥០០តោន

ភ្នំពេញ ៖ កម្ពុជាបាននាំអង្ករ ចេញទៅកាន់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ជាលើកដំបូងចំនួន៥០០តោន ខណៈគ្រោងនឹងនាំចេញ ទៅកាន់ប្រទេសនេះចំនួន ៦ម៉ឺនតោននៅពេលខាងមុខ ។

ក្នុងពិធីអបអរសាទរ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួមនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានថ្លែងយ៉ាងដូច្នេះថា ៖« ខ្ញុំសូមសម្តែងការអបអរសាទរ ចំពោះក្រុមហ៊ុន វ័ន រ៉ូដគ្រប់ខេមបូឌា ដែលបាន ទទួលជោគជ័យ ក្នុងការបញ្ជា ទិញអង្ករកម្ពុជា និងការនាំចេញទៅកាន់ប្រទេស អេមីរ៉ាត់អារ៉ាប់ រួម នឹងការដឹកជញ្ជូនអង្ករ លើកទី១នៅក្នុងខែមករានេះ » ។

លោកស្រីបានគូសបញ្ជាក់បន្ថែមថា៖ «បើតាមលោកអគ្គនាយកក្រុមហ៊ុន បាន លើក ឡើងថានឹងនាំទៅកាន់ប្រទេស អេមីរ៉ាត់អារ៉ាប់រួមក្នុងកម្រិត៦ម៉ឺនតោន ហើយសម្រាប់ពេលនេះ គឺដឹកចេញ៥០០តោន ហើយខ្ញុំគុណគិតគូរខាងក្រុមហ៊ុន វ័ន រ៉ូដនាំចេញអង្ករ៦ម៉ឺន តោននេះគិត ជាថវិការប្រហែលជា ៥៤លានដុល្លារអាមេរិក តែតួលេខនេះ ខ្ញុំពិបាកនិយាយព្រោះថាតម្លៃ មានឡើងឬចុះ» ។
ជាមួយគ្នានោះដែរ លោកស្រីរដ្ឋមន្ត្រីក៏បានសម្តែងក្តីសង្ឃឹមថា មានការបញ្ជារទិញអង្ករ និងនាំចេញបន្ថែមទៀតនៅពេលអនាគត ហើយក៏សូមស្នើឲ្យក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ពួតដៃគ្នាក្នុងការជំរុញ និងការអភិវឌ្ឍន៍វិស័យអង្ករនិងកេរ្តិ៍ អង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិពិសេស ទីផ្សារអេមីរ៉ាត់អារ៉ាប់រួម។

ចំណែកលោក ឡុង ខេវិន អគ្គនាយកក្រុមហ៊ុន វ័ន រ៉ូដគ្រុបបានលើកឡើងថា កាលពីឆ្នាំ មុនដោយមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនលោកបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងឌូបៃ និងទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសអារ៉ាប់រួមឲ្យកាន់ តែស្និតរមួតបន្ថែមទៀត ។

លោកបន្តថាក្រុមហ៊ុន លោកមានឱកាសផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជា បានយ៉ាងសកម្មតាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងឌូបៃ និងអាប៊ូដាប៊ី អំពីអង្ករ គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែមៀន ដំណាប់ផ្លែស្វាយ ចេកឆាប ទឹកឃ្មុំ ម្រេច ផ្លែដូង និងផលិ តផលកសិកម្មសំខាន់ៗផ្សេងទៀត ដោយទទួលបានស្វាគមន៍យ៉ាងមានកិត្តយសពីសំណាក់ ព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប់រួម និងលើទីផ្សារ ផ្សារទំនើបខ្នាតធំ ក្នុងប្រទេសអារ៉ាប់ រួម។
លោកខេ វិនបានបញ្ជាក់ថា៖«ការចាប់ផ្តើមការនាំអង្ករ៥០០តោនជាលើកដំបូងនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួម និងចិន កាន់តែមានភាពស្អិតរមួត សម្រេចបានសមិទ្ធផលខ្ពស់ និងទទួលបានលទ្ធផលជាផ្លែផ្កា។ ជាពិសេស ម៉ាក ផលិតផលរបស់ ប្រទេសកម្ពុជា នឹងក្លាយជានិមិត្តសញ្ញាថ្មីនៃគុណភាពខ្ពស់នៅប្រទេស អារ៉ាប់រួម និងប្រទេសចិន»៕

To Top