គៀវ៖ អ៊ុយក្រែន បានកំណត់អត្តសញ្ញាណកាំជ្រួចដែល ត្រូវបានបាញ់ចូលទៅក្នុងតំបន់ភាគខាងកើត របស់ខ្លួនដោយរុស្ស៊ី កាលពីដើមខែនេះថា មីស៊ីលផលិតដោយកូរ៉េខាងជើង នេះបើតាមមន្ត្រីអ៊ុយក្រែនបានឲ្យដឹងដោយផ្តល់ភស្តុតាងនៃការគាំទ្រផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង សម្រាប់ទីក្រុងម៉ូស្គូ។
វិទ្យាស្ថានស្រាវជ្រាវនៃក្រសួងការពារជាតិអ៊ុយក្រែនបានប្រមូល និងវិភាគកំទេចកំទីមីស៊ីលពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅទីក្រុង Kharkov កាលពីថ្ងៃទី០២ ខែមករា ហើយបានរកឃើញថាវាត្រូវគ្នានឹងមីស៊ីលផ្លោងរយៈចម្ងាយខ្លី KN-23 របស់កូរ៉េខាងជើង។
វាគឺជាលើកទីមួយហើយដែលទីក្រុងគៀវ បានបញ្ជាក់ពីការប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើង ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការឈ្លានពានពេញលេញរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ស្តុកសព្វាវុធរបស់ទីក្រុងមូស្គូជិតអស់ហើយ។
មន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា “កូរ៉េខាងជើងគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលផលិតមីស៊ីល ដែលមានលក្ខណៈដូចគ្នាទៅនឹងអ្វីដែលយើងបានរកឃើញពីបំណែកយន្តហោះ ដូច្នេះយើងបានសន្និដ្ឋានថា ពួកគេពិតជាមីស៊ីល KN-23” ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីសប្តាហ៍មុនថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងចូលទៅក្នុងអ៊ុយក្រែន នៅចុងខែធ្នូ និងដើមខែនេះ៕ ប្រែសម្រួល ឈូក បូរ៉ា