បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis ក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុង Davos ជាកន្លែងដែលលោកធ្វើជាសហម្ចាស់ផ្ទះ ការជួបជុំដែលផ្តោតលើការពិភាក្សា អំពីរូបមន្តសន្តិភាព ដែលស្នើឡើង ដោយទីក្រុងគៀវ លោកបានរៀបរាប់ថា រាល់ការចរចាសន្តិភាព ដើម្បីដោះស្រាយជម្លោះ ដែលកំពុងបន្តរវាងទីក្រុងមូស្គូនិងគៀវ គួរតែពាក់ព័ន្ធនឹងរុស្ស៊ី ជាដាច់ខាត។
រដ្ឋាភិបាលអ៊ុយក្រែន បានព្យាយាមជាប់លាប់ ក្នុងការចូលរួមជាមួយអង្គភាពនានា ក្រៅពីរុស្ស៊ី ក្នុងការពិភាក្សាទាំងនេះ ហើយមន្ត្រីសន្តិសុខមកពី ៨៣ ប្រទេសបានប្រមូលផ្តុំគ្នានៅរមណីយដ្ឋានភ្នំស្វីស មុនពេលវេទិកាសេដ្ឋកិច្ចពិភពលោក ដែលគ្រោងនឹងបើកនៅល្ងាចថ្ងៃចន្ទ។
ការជួបជុំនៅថ្ងៃអាទិត្យនេះ គឺជាព្រឹត្តិការណ៍លើកទីបួនដែលរៀបចំឡើងដោយទីក្រុងគៀវ ដែលជំរុញយ៉ាងសកម្មនូវចក្ខុវិស័យរបស់ខ្លួនសម្រាប់ការដោះស្រាយជម្លោះ ដែលគាំទ្រភាគច្រើនដោយអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន។
លោកCassis ក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ប្រទេស BRICS ជាពិសេសប្រទេសចិនផងដែរ នៅក្នុងដំណើរការសន្តិភាពនាពេលអនាគតដោយលោកបានកត់សម្គាល់ថា៖ការចូលរួមពីសម្ព័ន្ធ BRICS គឺមានសារៈសំខាន់ព្រោះប្រទេសទាំងនេះមានទំនាក់ទំនងជាមួយនឹងរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី