បរទេស៖ មន្ត្រីជាន់ខ្ពស់ជប៉ុនម្នាក់បាន និយាយនៅថ្ងៃអង្គារថា យោធាសហរដ្ឋអាមេរិកអាចត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Noto ដែលរងគ្រោះដោយរញ្ជួយដីនៃខេត្ត Ishikawa ដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈដែលព្រិល និងសីតុណ្ហភាពត្រជាក់បានបន្តរារាំងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ។
យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គលេខាធិការងខុទ្ទកាល័យលោក Hiroshi Moriya បានផ្តល់សញ្ញានៅក្នុងសន្និសីទសារព័ត៌មានថា ការរៀបចំសម្រាប់ការដាក់ពង្រាយកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយថា យោធាអាមេរិក អាចជួយ “យ៉ាងឆាប់រហ័ស” ក្នុងការផ្តល់ការផ្គត់ផ្គង់ដល់ជនរងគ្រោះដោយគ្រោះមហន្តរាយដែលនៅដាច់ស្រយាល ខណៈពេលដែលកំពុងមានការដឹកជញ្ជូនតាមអាកាសសម្រាប់អ្នកស្រុកដែលងាយរងគ្រោះផងដែរ។
FNN បានរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុនថា កងកម្លាំងសហរដ្ឋអាមេរិកអាចត្រូវបានបញ្ជូនទៅកាន់តំបន់ដែលត្រូវបានរញ្ជួយដោយការរញ្ជួយដីកម្រិត 7.6 រិចទ័រ នៅថ្ងៃចូលឆ្នាំថ្មី គិតត្រឹមថ្ងៃអង្គារ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។
ការរញ្ជួយដីដែលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅតំបន់ពិបាកទៅដល់នៃឧបទ្វីប បានសម្លាប់មនុស្សចំនួន ២២២ នាក់ និង ២៦ នាក់នៅតែបាត់ខ្លួនគិតត្រឹមព្រឹកថ្ងៃអង្គារ។
ក្រសួងការពារជាតិបានបញ្ជូនកងទ័ពកងកម្លាំងស្វ័យការពារចំនួន ៧.០០០ នាក់ទៅកាន់តំបន់នោះ ដោយមនុស្សជាច្រើនបានផ្តោតលើការជួយផ្តល់ជំនួយដល់អ្នកស្រុកដែលនៅដាច់ពីគេ ដោយសារតែផ្លូវថ្នល់ដែលរងការខូចខាត។ ក្រុមតូចៗ នៃកងទ័ពស្វ័យការពារ និងបេសកកម្មឧទ្ធម្ភាគចក្របានផ្តល់ជំនួយដល់អ្នកស្រុកទាំងនេះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះបានប្រឈមមុខនឹងឧបសគ្គដូចជាអាកាសធាតុមិនល្អ និងយន្តហោះមានកំណត់៕
ប្រែសម្រួលៈ ណៃ តុលា