អង់ការ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៦នាក់ ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាម ហៅកាត់ (IS) ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ។
លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរនៅក្នុងការបង្ហោះ នៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជាបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា “វីរបុរសប្រតិបត្តិការ-45” នៅទូទាំង១១ខេត្តនៅក្នុងប្រទេស ។
លោក Yerlikaya បានលើកឡើងថា តួកគី នឹងមិនអនុញ្ញាតឱ្យភេរវករណាមួយ រំខានដល់សន្តិភាព ឯកភាព និងសាមគ្គីភាពរបស់ប្រទេសនោះឡើយ ។
លោកបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ ប៉ូលិសក៏បានរឹបអូសរូបិយប័ណ្ណបរទេស បានមួយចំនួន ព្រមទាំងសម្ភារៈ និងឯកសារឌីជីថលមួយចំនួនផងដែរ ។
ខ្សែវីដេអូដែលបានបង្ហោះនៅលើគណនីសង្គម X របស់រដ្ឋមន្ត្រីតួកគី បានបង្ហាញពីសកម្មភាពរបស់ប៉ូលិស ចូលទៅក្នុងផ្ទះល្វែង និងអគារ ហើយអូសជនសង្ស័យចូលទៅក្នុងរថយន្ត ។
គួររំលឹកថា រដ្ឋាភិបាលតួកគីបានកំណត់ថា ក្រុម IS ជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៣ ដោយបានស្តីបន្ទោសក្រុមនេះចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៥ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា