បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានសម្តែងការព្រួយបារម្ភថា ផែនការរបស់លោក Donald Trump សម្រាប់ការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័សរវាងក្រុងគៀវ និងទីក្រុងមូស្គូ ប្រហែលជាមិនគិតពីផលប្រយោជន៍របស់ទីក្រុងគៀវនោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Channel 4 News របស់ចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រ លោក Zelensky ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការអះអាងម្តងហើយម្តងទៀត អំពីអតីតប្រធានាធិបតីអាមេរិកថា ប្រសិនបើគាត់ត្រឡប់ទៅសេតវិមានវិញបន្ទាប់ពីការបោះឆ្នោតនៅឆ្នាំនេះ គាត់នឹងបញ្ចប់ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែ២៤ម៉ោងដោយរបៀបណា។
មេដឹកនាំអ៊ុយក្រែន បានកត់សម្គាល់ជាភាសាអង់គ្លេសថា ៖ ខ្ញុំមិនដឹងថាសាររបស់គាត់. នឹងមានលទ្ធផលវិជ្ជមានដូចគាត់បាននិយាយឬអត់។ វាអាចគ្រាន់តែជាសារនយោបាយ ដែលធ្វើឡើងដោយបេក្ខជន ក្នុងអំឡុងពេលបោះឆ្នោត ប៉ុន្តែប្រសិនបើវាជារូបមន្តខ្លះ ខ្ញុំគួរតែបានដឹង។
បន្ទាប់មក Zelensky បានបញ្ជាក់ពីជំហររបស់គាត់ ជាភាសាអ៊ុយក្រែនដោយនិយាយថា គាត់មានការព្រួយបារម្ភថាប្រសិនបើ Trump ចូលកាន់តំណែងម្តងទៀត៖ គាត់នឹងធ្វើការសម្រេចចិត្ត ទាក់ទង នឹងជម្លោះដោយខ្លួនឯង ដោយគ្មានភាគីទាំងពីរ ដោយគ្មានពួកយើងហើយពេលនេះ ខ្ញុំនឹងនិយាយអំពីពួកយើង។ ហេតុអ្វី? ព្រោះបើគាត់និយាយបែបនេះ ជាសាធារណៈ វាជារឿងគួរឲ្យខ្លាចនិងបារម្ភបន្តិចដែរ៕
ប្រែសម្រួល៖ស៊ុនលី