ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២២ មករា នេះ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូស្ត្រាលី ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា។
ក្នុងឱកាសនៃជំនួបនេះ លោក ចាស្ទីន ខេវិន វ៉ាយអេត បានចូលរួមអបអរសាទរ ចំពោះភាពជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅសាធារណរដ្ឋបារាំង និងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ។ ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ការបេ្តជ្ញាចិត្ត របស់រដ្ឋាភិបាល អូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូស្ត្រាលី កាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាព ក្នុងវិស័យការពារជាតិ។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការ នៃការស្វែងរកនូវសុខសន្តិភាពរហូត ដល់ពេលបច្ចុប្បន្ននេះ ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ទៅឯកអគ្គរដ្ឋទូត អំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញ នៃច្បាប់ស្តីពីវិនិយោគកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបានភាព អាចព្យាករណ៍បាន និងភាពប្រាកដនិយម ចំពោះបរិយាកាសវិនិយោគ ប្រកបដោយភាពអនុគ្រោះ នៅកម្ពុជា៕