ព័ត៌មានជាតិ

នាយកមជ្ឈ មណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តរតនគីរី ថា ការបណ្តុះបណ្តាលជំនាញ ដល់យុវជន ផ្តោតលើការ អនុវត្តន៍ផ្ទាល់ និងពិសោធន៍ជាក់ស្តែង

ភ្នំពេញ ៖ លោក សែម ប៉ាត នាយក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគីរី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គ១របស់វិទ្យាស្ថាន បានផ្តោតលើការរៀន ទ្រឹស្តីក្នុងថ្នាក់ និងការអនុវត្តន៍ផ្ទាល់ជាគោល ។

លោកបន្តថា តាមរយៈវិធីសាស្រ្តទាំងនេះ សិក្ខាកាមដែលជាយុវជន អាចមានចំណេះជំនាញពិត បូករួមទាំងទ្រឹស្តី បន្ទាប់ពីបញ្ជប់វគ្គសិក្សា រយៈពេល៤ខែ ។ ដំណាក់កាលនីមួយៗទាំងនេះរបស់វិទ្យាស្ថានគឺត្រូវបានបង្រៀន ដោយលោកគ្រូ មានបទពិសោធន៍ មានវិធីសាស្រ្តបង្រៀន ប្រកបដោយវិជ្ជាជីវៈ ដែលអាចធ្វើឱ្យសិក្ខាកាម មានភាពរីករាយ ក្នុងការសិក្សារៀនសូត្រ។

លោកបន្ថែមថា សម្រាប់វិទ្យាស្ថានការអនុវត្តន៍ផ្ទាល់ ក្នុងរោងជាងគឺជាវិធីសាស្រ្ត ក្នុងការបង្រៀនដ៏សំខាន់មួយ បន្ទាប់ពីការសិក្សាទ្រឹស្តីក្នុងថ្នាក់។ មកទល់ពេលនេះ មានសិស្សបានចូលរោងជាងអនុវត្តន៍ផ្ទាល់ រួចហើយ ។ តាមរយៈការយកចិត្តទុកដាក់ រៀនសូត្ររបស់យុវជននេះ លោកសង្ឃឹមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ពួកគេនឹង ទទួលបានលទ្ធផលល្អ មានសមត្ថភាព បន្ទាប់ពីរៀនចប់រយៈពេល៤ខែខាងមុខ។

លោកបន្ថែមថា ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈវគ្គទី១ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ មករា ២០២៤ កន្លងទៅ បានកំពុងដំណើរការយ៉ាងរលូន។ យុវជនបានមកទទួល ការបណ្តុះបណ្តាលគ្រប់ៗគ្នា ។ ដោយឡែកត្បិតការបណ្តុះបណ្តាល កំពុងដំណើរមែនតែការចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈនៅតែបន្តទទួលពាក្យដដែល។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល ។

គូរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាល ថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានបើកជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហានមួយដំណាក់ កាលទៀតហើយពោលគឺ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈវគ្គដំបូងជាផ្លូវការ ៕

To Top