ភ្នំពេញ ៖ រយៈពេល ១២ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធអាករ សម្រាប់ថវិកាជាតិ បានចំនួន ១៤ ៦២៩,១០ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ កើនឡើង ៤,៤៩% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២២ ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ រៀបចំឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា «សរុបរយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨,២៨ ប៊ីលានរៀល (ប្រមាណជា ១៥៥,១៣ លានដុល្លារ) ស្មើនឹង ៤,៤៩%» ។
លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏ សំខាន់ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។
គួររំលឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេល៥ឆ្នាំ ២០១៩-២០២៣ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨ ។ ជារួមអគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកប ដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរ ចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់ ទៅលើការធ្វើបច្ចុប្បន្នភាព និងទំនើបកម្ម គោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញបង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ។
ជាក់ស្តែង លទ្ធផលចំណូលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំនៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ គឺឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧,៣២ ប៊ីលានរៀលស្មើនឹង ១២៣,២០%, ឆ្នាំ២០២០ ទទួលបាន ១១ ៧០០,៥២ ប៊ីលានរៀល ស្មើនឹង ១០១,៣៦%, ឆ្នាំ២០២១ ទទួលបាន ១១ ២៦៦,៧៩ ប៊ីលានរៀល ស្មើនឹង ១២៤,០២%, ឆ្នាំ២០២២ ទទួលបាន ១៣ ៩៩៣,២០ ប៊ីលានរៀល ស្មើនឹង ១២២,៥៤% និងឆ្នាំ២០២៣ ទទួលបាន ១៤ ៦២៩,១០ ប៊ីលានរៀល ស្មើនឹង ១០១,១៣%។
ជោគជ័យនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នាដូចមានបញ្ជាក់ជូនខាងលើ គឺជាផ្លែផ្កាពិតៗនៃការពង្រឹងសមត្ថភាព និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាល សារពើពន្ធ ការកើនឡើងនៃការយល់ដឹងវប្បធម៌បង់ពន្ធ និងការកើននៃកម្រិតអនុលោមភាពដោយអ្នកជាប់ពន្ធ ៕