ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ ផ្ទុះការតវ៉ានៅអ៊ីស្រាអែល ដោយអំពាវនាវ ឱ្យមានកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង

Xinhua

យេរ៉ូសាឡឹម ៖ ស្ត្រីជនជាតិអ៊ីស្រាអែល រាប់ពាន់នាក់ បានដើរតាមដងផ្លូវទូទាំង ប្រទេសកាលពីថ្ងៃពុធ ដោយជំរុញឱ្យរដ្ឋាភិបាល របស់ពួកគេចុះហត្ថលេខា លើកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ការដោះលែងចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។

នៅទីក្រុង Tel Aviv ក្រុមបាតុករស្លៀកពាក់ពណ៌ស បានបិទជាបណ្ដោះអាសន្ននូវផ្លូវធំរបស់អ៊ីស្រាអែល គឺផ្លូវ Ayalon Highway។ ពួក​គេ​កាន់​សញ្ញា​ក្រហម​សរសេរ​ថា “ឈប់​បង្ហូរ​ឈាម​ទៅ!” និង “ដោះស្រាយឥឡូវនេះ!”។

អ្នករៀបចំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានរួបរួមគ្នា ដើម្បីបំបែកភាពស្ងៀមស្ងាត់ យើងដើរតាមផ្លូវ ដើម្បីជ្រើសរើសជីវិតមុនអ្វីៗផ្សេងទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្មីៗនេះ អ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តការចរចា ដែលសម្របសម្រួល ដោយកាតារសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមបង្ហូរឈាម ដែលបានចាប់ផ្តើម កាលពីថ្ងៃទី០៧ ខែតុលា។

ទោះជាយ៉ាងណាក៏ដោយ គម្លាតសំខាន់ៗ នៅតែមាន ហើយបច្ចុប្បន្នចំណាប់ខ្មាំងជាង ១០០នាក់ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា ដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top