ព័ត៌មានអន្តរជាតិ

តិចបំផុត មនុស្ស២៧នាក់ បានស្លាប់​ ក្នុងហេតុការណ៍ វាយប្រហារ លើពិធីនៅទីក្រុងកាប៊ុល

បរទេស៖ អាជ្ញាធរអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃសុក្រនេះ នៅកន្លែងរៀបចំពិធីមួយ ក្នុងទីក្រុងកាប៊ុល ដោយរួមមានខ្លះ ជាឥស្សរជននយោបាយជាតិទៀតផង។

មន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Nasrat Rahimi បាននិយាយថា មានមនុស្សតិចបំផុតចំនួន២៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ វាយប្រហារបាញ់គ្នាមួយ នៅទីកន្លែងប្រមូលផ្តុំ ដែលមានការចូលរួម ដោយនាយកប្រតិបត្តិអាហ្វហ្គានីស្ថាន លោក Abdullah Abdullah អតីតប្រធានាធិបតី លោក Hamid Karzai និងឥស្សរជនជាន់ខ្ពស់ផ្សេងៗ ដទៃទៀត។

ប៉ុន្តែតាមសេចក្តីរាយការណ៍ ពួកតាលីបង់បានបដិសេធ មិនទទួលខុសត្រូវ ចំពោះការវាយប្រហារ ដែលជាទង្វើប្រកប ដោយហិង្សាដំបូង នៅក្នុងទីក្រុងកាប៊ុល ចាប់តាំងពីមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពមួយ កាលពីមួយសប្ដាហ៍កន្លងទៅ រវាងមន្ត្រីសហរដ្ឋអាមេរិក និងក្រុមសកម្មប្រយុទ្ធ៕
ប្រែសម្រួល៖ប៉ាង កុង

To Top