ព័ត៌មានជាតិ

សហព័ន្ធ ស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដ អំពាវនាវ កុំឲ្យពលរដ្ឋ ព្រួយបារម្ភ លើបញ្ហាខ្វះអង្ករ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាស មួយនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ ដោយបានអំពាវនាវ កុំឲ្យពលរដ្ឋបារម្ភ លើបញ្ហាខ្វះខាតអង្ករ ក្នុងគ្រានៃការរីករាលដាល នៃជំងឺ កូវីដ១៩ (COVID-19) ។

បើតានសេចក្តីប្រកាសព័ត៌មាន ករណីនេះ បានធ្វើឲ្យមានក្តីបារម្ភ ដល់ប្រជាជនកម្ពុជា ដែលជះឥទ្ធិពល លើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួន បានដំឡើង ថ្លៃអង្ករ។

ឆ្លៀតក្នុងឱកាសនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដ ប្រកាសថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា នៅទូទាំងប្រទេស លើទីតាំងចំនួនជាង៤០០ រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណ គ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ជូនតាមតម្រូវការ ក្នុងស្រុក និងសម្រាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។

សេចក្តីប្រកាសបន្តថា “អាស្រ័យដូចនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភ លើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឲ្យមាន ជនឆ្លៀតឱកាស និយមមួយចំនួន ដែលឆ្លៀតដំឡើងថ្លៃអង្ករបាន”៕

To Top