ព័ត៌មានជាតិ

អេន ចរិយា ហៅអ្នកគ្រូលី តាំងខ្លួនថាមានបារមីព្រះនាងឥន្រ្ទទេវី ចូលសណ្ឋិតក្នុងខ្លួន បានទទួលស្គាល់កំហុស

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ មកធ្វើការបំភ្លឺដោយទទួលស្គាល់នូវកំហុសខ្លួនកន្លងមក ។

ការបំភ្លឺនេះធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រោយមានការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ។

បុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី កាលពីប្រមាណជាជិត១ខែមុន បានធ្វើការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត ។

យោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនាថ្ងៃ៣១ មករានេះ បានឲ្យដឹងថា ក្រោយពីបានសាកសួរ ឈ្មោះ អេន ចរិយា បានទទួលស្គាល់នូវកំហុស ដែលបានប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។
មួយទៀតខ្លួនទទួលស្គាល់ថា បានប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ក្បាច់ ដែលខុសពីការពិត បង្កឲ្យមានការភ័នច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។

ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ បាន​យល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ​ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

ទោះបីជាមានការសន្យាបែបនេះក៏ដោយ ក៏សមត្ថកិច្ច​នឹង​បន្ត​តាម​ដាន​សកម្មភាព​របស់​បុគ្គល​ខាង​លើ​ និង​អនុវត្ត​នីតិវិធី​បន្ត​ បើ​មិន​អនុ​វត្ត​តាម​ការ​សន្យា​​ ៕

To Top