ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិកាក្រសួង សុខាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំការប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃអំពី «វឌ្ឍនភាព នៃការផ្តល់សេវាសុខាភិបាល ប្រកបដោយសុវត្តិភាព គុណភាព និងនិរន្តរភាព» ដោយមានការអញ្ជើញ ចូលរួមពីរដ្ឋលេខាធិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ទទួលភារកិច្ចកិច្ចការគុណភាព សេវាថែទាំព្យាបាល និងតាមដានត្រួតពិនិត្យ ប្រព័ន្ធបញ្ជូនជំងឺ។
ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួមពីប្រធានមន្ទីរពេទ្យជាតិ អនុប្រធានមន្ទីរពេទ្យ និងចូលរួមតាមប្រព័ន្ធ អនឡាញហ្ស៊ូម នៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យរាជធានី- ខេត្ត ។
សាស្ត្រាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ពីយន្តការ និងគោលការណ៍ក្នុងការពង្រឹងនូវសុវត្តិភាព គុណភាពសេវាថែទាំព្យាបាល ក្នុងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ដែលក្នុងនោះបានរៀបរាប់រំលឹក និងចែករំលែកបទពិសោធន៍ ពីសារគន្លឹះសំខាន់ៗ អំពីគុណភាពក្នុងការថែទាំ ព្យាបាលអ្នកជំងឺ និងការសង្គ្រោះបន្ទាន់ ព្រមទាំងបានផ្តល់ ជូនអនុសាសន៍ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ ត្រូវបន្តខិតខំតាមដានការ អនុវត្តនូវគោលការណ៍សុវត្ថិភាព គុណភាព និងនិរន្តរភាពនៃសេវា និងការខិតខំទាំងឡាយ។
ចុងក្រោយ សាស្ត្រាចារ្យ និង ថ្នាក់ដឹកនាំទទួលភារកិច្ច តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ បានផ្តាំផ្ញើឲ្យបន្តបង្កើនយន្តការ នៃការចុះពិនិត្យ និងគាំទ្រវឌ្ឍនភាព ទាំងឡាយ លើមន្ទីរពេទ្យទូទាំងប្រទេស និងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិតទទួលខុសត្រូវ នៃអង្គភាពនីមួយៗ លើកិច្ចការពង្រឹងគុណភាព សេវារបស់ខ្លួន និងបន្តកិច្ចសហការគ្នាឲ្យបានកាន់តែទូលំទូលាយប្រសើរថែមទៀត ក្នុងការពង្រឹងនូវគុណភាព ថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋ៕