ព័ត៌មានជាតិ

ជប៉ុន បង្ហាញចំណាប់ អារម្មណ៍ពង្រីកការ វិនិយោគលើ វិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM ដែលបង្ហាញថា ផលិតនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការ ធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានបង្ហាញចំណាប់ អារម្មណ៍ពង្រីកការ វិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM (Original Equipment Manufacturer ៖ ក្រុមហ៊ុនផលិតបរិក្ខា ដើមលើសម្ភារៈវាយនភ័ណ្ឌ) ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។

ក្នុងឱកាសនៃជំនួបលោក Yoshihisa Suzuki បានលើកឡើងអំពីសកម្មភាព របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅជប៉ុន ហើយបច្ចុប្បន្នមានការិយាល័យ ចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់ លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។

បន្ថែមលើនេះ លោកប្រធានគណៈកម្មាធិការ ក៏បានលើកឡើងប​ន្ត ពីសកម្មភាពវិនិយោគ ដែលមានស្រាប់នៅកម្ពុជា លើវិស័យវាយនភ័ណ្ឌ ការផ្គត់ផ្គង់ឧស្ម័ន និងវិស័យកសិកម្ម ផ្តោតសំខាន់លើ ដំណាំល្ង និងប្រាប់ពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់លោក ក្នុងការស្វែងយល់ពីការ អភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាព សម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគ លើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា ។

សម្រាប់សម្តេចធិបតី ស្វាគមន៍ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន មានបំណងចង់ពង្រីកសកម្មភាព វិនិយោគរបស់ខ្លួនបន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាព ទាក់ទាញ នៃច្បាប់ស្តីពីវិនិយោគកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត សម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាព ប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។

ជាមួយគ្នានេះ សម្ដេចធិបតី សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពល វិនិយោគបន្ថែមទៀតនៅកម្ពុជា ជាមួយនឹងភាពជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួន ជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់ ៕

To Top