ព័ត៌មានជាតិ

សម្តេចតេជោ៖ ការបង្កើតនូវព័ត៌មានថា ភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាល នៅបរទេស គឺជារឿងមិនពិត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ថា ភរិយារបស់សម្តេច ពិតជាជួបឧបទ្ទវហេតុដួល នៅបន្ទប់សម្រាក នឹងត្រូវបានចូលមកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត ពិតប្រាកដមែន ខណៈសម្តេចបដិសេដព័ត៌មាន ថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញទៅព្យាបាលនៅបរទេស ។

យោងតាមសំណេររបស់សម្តេចតេជោ លើបណ្តាញសង្គម បានបញ្ជាក់ថា “២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពី ភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិត ហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំង និងក៏គ្មានការ
ចាំបាច់ផ្សព្វផ្សាយ ជាដំណឹងអ្វីដែរ”។

បន្ថែមពីលើនេះ សម្តេចតេជោ ក៏បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលសម្រាកនៅមន្ទីរពេទ្យក៏ព្រោះថា កាលពី៤ថ្ងៃមុនភរិយាសម្ដេចដួលក្នុងបន្ទប់សម្រាក ធ្វើឱ្យប៉ះដល់ក្បាល ដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ”។

ក្នុងនោះសម្តេចតេជោ បានឲ្យដឹងពីស្ថានភាពជំងឺរបស់ភរិយាសម្តេចថា “បន្ទាប់ពីការពិនិត្យព្យាបាល ដោយយក
ចិត្តទុកដាក់ ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការ
ថតក្បាល ជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ”។

សម្តេចតេជោ ក៏បានច្រានចោលចំពោះក្រុមអគតិមួយចំនួន ដែលព្យាយាមចែកចាយព័ត៌មានមិនពិត ជុំករណីនេះ ដែលសម្តេចតេជោអះអាងថា “ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាល នៅបរទេស គឺជារឿងមិនពិត”។

សម្តេចតេជោ បន្តថា “ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍ របស់ព្រះអង្គដលមន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិ ដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ”។

ឆ្លៀតឱកាសនេះសម្តេចតេជោ ក៏បានបន្ថែមថា “ជូនសារទៅពួកអាក្រក់ សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯង ល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ”៕

To Top