បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ទីក្រុងគៀវបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារយន្តហោះរុស្ស៊ីដែលដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន (POWs) សម្រាប់ការផ្លាស់ប្តូរគ្នាដែលបានកំណត់ទុកជាមុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារលើយន្តហោះដែលបានកើតឡើងកាលពីសប្តាហ៍មុន បាននាំឱ្យមានការស្លាប់របស់ជនជាតិអ៊ុយក្រែន ៦៥ នាក់នៅលើយន្តហោះ ក៏ដូចជានាវិករបស់យន្តហោះ និងបុគ្គលិកយោធារុស្ស៊ី ៣ នាក់ផងដែរ។
លោក ពូទីន បាននិយាយថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ដោយហៅវាថាជា “ការពិតដែលបានបង្កើតឡើងយ៉ាងល្អ” ដែលត្រូវបានបញ្ជាក់ដោយការពិនិត្យឡើងវិញរបស់អ្នកជំនាញ។ សេវាសង្គ្រោះបន្ទាន់របស់រុស្សី ធ្លាប់បានបញ្ជាក់ថា បំណែកនៃកាំជ្រួចមួយ ឬច្រើន ត្រូវបានគេរកឃើញនៅកន្លែងធ្លាក់។
ក្រុមអ្នកស៊ើបអង្កេតមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការអំពីលទ្ធផលនៃការស៊ើបអង្កេតដែលកំពុងបន្តលើឧបទ្ទវហេតុនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដែលស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់សារព័ត៌មាន TASS ថា ការវិភាគលើទិន្នន័យប្រអប់ខ្មៅរបស់យន្តហោះបានបង្ហាញថា យន្តហោះត្រូវបានបាញ់ទម្លាក់ដោយចេតនា។ ប្រភពមួយក៏បានប្រាប់ទីភ្នាក់ងារព័ត៌មានថា វាមាន “ប្រហែលនៅខ្ពស់” ដែលប្រព័ន្ធកាំជ្រួចពីដីទៅអាកាស Patriot ផ្គត់ផ្គង់ដោយអាមេរិកត្រូវបានប្រើក្នុងការវាយប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា
