ពោធិ៍សាត់៖ កូនអកត្តញូម្នាក់ដោយសារតែសូរ៉ាចូលក្នុងខ្លួន ភ្លេចអស់អ្នកមានគុណរហូតដល់ទាញដំបងឈើជ្រុង វាយម្តាយបង្កើតរបស់ខ្លួនបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ និង ញាតិជិតខាងជួយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នោះកើតឡើង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានឲ្យដឹងថា ជនសង្ស័យដែលស្រវឹងស្រាយកដំបងឈើជ្រុងវាយទៅលើម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសនោះមានឈ្មោះ ហុង ទី ហៅលីប ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះត្រូវជាម្តាយបង្កើត របស់ជនសង្ស័យមានឈ្មោះ យឹម ណារី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែររ ស់នៅជាមួយគ្នាក្នុងភូមិកើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងមានដំបងឈើជ្រុង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តៀង កំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី ៕