ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវជាថ្មី ដល់ភ្នាក់ងារសន្ដិសុខឯកជន ទាំងអស់ បន្ដកិច្ចសហការល្អជាមួយកម្លាំង មានសមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដែលនឹងចូលមក ដល់ក្នុងពេលឆាប់ៗនេះ សំដៅបង្ការអំពើចោរកម្ម និងអគ្គិភ័យ។
នេះជាការលើកឡើង របស់លោកក្នុងពិធីបើកវគ្គបំប៉នជំនាញ ភ្ញាក់ងារសន្តិសុខឯកជនលើកទី៥៧ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានគូសបញ្ជាក់ថា ភ្នាក់ងារសន្តិសុខឯកជន ក៏បានដើរតួនាទី យ៉ាងសំខាន់ ជាកម្លាំងជំនួយដល់កង កម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព ។
លោកប្រធាននាយកដ្ឋាន ក៏បានស្នើដល់កម្លាំងភ្នាក់ងារ សន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះឲ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវទប់សង្កាត់ បទល្មើស និងរាយការណ៍ ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន ។ តម្រូវឲ្យមានកិច្ចសហការឲ្យបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន ត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។
លោកបន្តថា វិស័យសន្តិសុខឯកជន គឺជាវិស័យមួយ ដែលមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសកំពុង អភិវឌ្ឍន៍លើគ្រប់វិស័យ។ វិស័យសន្តិសុខឯកជននេះ បានចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ។ ក្នុងន័យនេះ ដើម្បីឲ្យវិស័យសន្តិសុខឯកជន មានភាពរីកចម្រើន និងប្រកបដោយគុណភាព លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ក្នុងគោលបំណងជំរុញ ឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន ដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសង្គមឲ្យបានល្អប្រសើរ ៕