ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ ប្រតិភូនៃក្រុមការងារបច្ចេកទេស ព្រមទាំងមានការចូលរួម ពីសំណាក់លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានចុះពិនិត្យស្ថានភាពនិងការដ្ឋានស្ថាបនា ផ្លូវចំនួនពីរខ្សែ នៅខេត្តត្បូងឃ្មុំ។
ផ្លូវទាំងពីរខ្សែនោះ រួមមាន៖
១/ ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់DBST ដែលរងការខូចខាត ជាដំណំ ដែលមានទីតាំង តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាព្រំប្រទល់ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវេង មានប្រវែងសរុប ១៤ ៨៤០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ។
គួររំលឹកផងដែថា ផ្លូវនេះសាងសង់ឡើង ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាំងពី ឆ្នាំ២០១៩ មកម៉្លេះ និងទទួលរងការខូចខាតខ្លាំង ដោយការដឹកលើសទំងន់កំណត់។ បច្ចុប្បន្នក្រសួង កំពុងពិនិត្យលទ្ធភាព ក្នុងការជួសជុលស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីជួយសម្រួលដល់ ការធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ។
២/ ការដ្ឋានស្ថាបនាផ្លូវ តភ្ជាប់ពីភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ទៅភូមិទេពនិមិត្ត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រវែង ១១,២០គីឡូម៉ែត្រ ដែលស្ថាបនាបានប្រមាណ ១០% នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤ ។
បន្ទាប់ពីត្រួតពិនិត្យខ្សែផ្លូវទាំង២ខ្សែរួចមក លោករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យសាលាបុណ្យ និងជាទីស្នាក់ការភូមិគំរូមួយកន្លែង ស្ថិតនៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ។
ក្នុងឱកាសជួបសំណេះសំណាល នោះផងដែ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិល្វាតូច ក៍ដូចជាប្រជាពលរដ្ឋ នៅទូទាំងខេត្តត្បូងឃ្មុំ ទាំងមូលផងដែរ។
តបតាមសំណើរ របស់ប្រជាពលរដ្ឋនាឱកាសនោះ លោករដ្ឋមន្ដ្រី បានជូន ឧបករណ៍បំពងសម្លេង ចំនួន៥ឈុត ជូនដល់ភូមិគំរូទាំង៥ ដើម្បីប្រើប្រាស់ ជាប្រយោជន៍រួមរបស់ សហគមន៍ផងដែរ ៕