ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងពិនិត្យលទ្ធភាព ក្នុងការជួសជុលស្ថាបនាឡើងវិញនូវផ្លូវជនបទមួយខ្សែ ប្រវែងជិត១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ខេត្តត្បូងឃ្មុំ ទៅកាន់ខេត្តព្រៃវែងដែលរងការខូចខាតខ្លាំង ដោយការដឹកលើសទំងន់កំណត់ ។
ក្រសួងបានឲ្យដឹងថា ផ្លូវនេះ គឺជាប្រភេទផ្លូវជនបទក្រាលកៅស៊ូពីរជាន់ DBST ដែលរងការខូចខាតជាដំណំមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាព្រំប្រទល់ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវេង មានប្រវែងសរុប ១៤ ៨៤០ម៉ែត្រ និងទទឹងខ្នងលើ៥ម៉ែត្រ ។
ក្រសួងអះអាងថា ផ្លូវនេះសាងសង់ឡើងក្នុងក្របខណ្ឌ គម្រោងកែលម្អផ្លូវជនបទជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាំងពីឆ្នាំ២០១៩មកម្លេះ និងទទួលរងការខូចខាតខ្លាំង ដោយការដឹកលើសទំងន់កំណត់។
ក្រសួងបញ្ជាក់ថា «បច្ចុប្បន្ន ក្រសួងកំពុងពិនិត្យលទ្ធភាព ក្នុងការជួសជុលស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ»៕