ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ហាមដាច់ខាត ការដុតផាវ អុជកាំជ្រួច និងមិនឱ្យលេងល្បែង ស៊ីសងគ្រប់ប្រភេទ ក្នុងឱកាសចូលឆ្នាំថ្មីចិន

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ​ បានដាក់ចេញនូវគោលការណ៍ ៧ចំណុច ដើម្បីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងនោះ ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ និងមិនឱ្យមានការ លេងល្បែង ស៊ីសងគ្រប់ប្រភេទ ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ កុម្ភៈនេះ បានឲ្យដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន ក្នុងរាជធានីភ្នំពេញដូចតទៅ៖

១- ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ​ ក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ, ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជ ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើត ឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែន​ ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុត លើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

៣- ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ តាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យ ដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់ នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ។

៤- រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំ នេះឱ្យមានប្រសិទ្ធភាព។ ៥- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើ ឱ្យបានទូលំទូលាយ។

៦- ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ហាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជា ឱ្យម៉ឺងម៉ាត់​ ដល់កម្លាំងរបស់ខ្លួន​ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។ និង៧- ជនណាដែលនៅតែបំពាន ឬប្រព្រឹត្តល្មើស បង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ ជាធរមាន៕

To Top