ភ្នំពេញ៖ លោក វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ លើគ្រប់វិស័យនៃប្រទេសកម្ពុជា-ថៃនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីទាំងពីរ។
ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក វ៉ាន់មូហាម៉ាត់ណ មះថា ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ច ផ្លូវការ នៅព្រះរាជាណាចក្រថៃ ដែលសម្តេចធិបតី ជានាយករដ្ឋមន្រ្តីទីមួយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។
ក្នុងនោះ ប្រធានរដ្ឋសភាថៃ ក៏បានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ លើគ្រប់វិស័យនៃប្រទេសទាំងពីរ ហើយបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្រោយទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី បានលើកឡើងអំពីលទ្ធផល នៃកិច្ចជំនួបពិភាក្សាជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ជាពិសេស ការតំឡើងកម្រិត នៃទំនាក់ទំនងនៃប្រទេសទាំងពីរ ពី ”ភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យការទូត សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍នូវវត្តមាន នៃប្រធានរដ្ឋសភា នៅព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។ សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា ហើយសម្ដេចធិបតី មានជំនឿថា លោកប្រធានរដ្ឋសភា នឹងមានជំនួបជាច្រើនទៀត ជាមួយនឹង សម្តេចតេជោ នៅក្រោយការបោះឆ្នោត ព្រឹទ្ធសភានាពេលខាងមុខនេះ ៕