គៀវ៖អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និងចំនួន៩នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ ដោយមីស៊ីលដែលបាញ់ដោយរុស្ស៊ី ផ្លោងមកលើទឹកដីអ៊ុយក្រែន កាលពីព្រឹកថ្ងៃពុធនេះ ។
លោក Oleksandr Senkevych អភិបាលក្រុងបានលើកឡើងថា បុរសម្នាក់បានស្លាប់ ដោយសារការផ្ទុះមីន និងរបួសត្រង់ក្បាលនៅ ក្នុងទីក្រុង Mykolayiv ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ។
លោក Senkevych បានឲ្យដឹងនៅលើបណ្តាញសង្គម Telegram ថា មនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារនេះ ហើយបានទទួលជំនួយផ្នែកវេជ្ជសាស្រ្តនៅនឹងកន្លែង ។
លោក Vitali Klitschko អភិបាលក្រុង គៀវ បានថ្លែងថា នៅក្នុងរដ្ឋធានី គៀវ មានមនុស្សយ៉ាងតិច៩នាក់ បានរងរបួសនៅក្នុង ការបំផ្ទុះគ្រាប់បែកមួយ ខណៈដែលអគ្គីភ័យបានផ្ទុះឡើងនៅក្នុងអគារផ្ទះល្វែង១៨ជាន់ និងស្ថានីយ៍សេវាកម្មរថយន្ត ។
លោក Klitschko បានឲ្យដឹងថា ខ្សែបណ្តាញតង់ស្យុងខ្ពស់ ចំនួន២ត្រូវបានខូចខាតនៅក្នុងទីក្រុងគៀវ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ។
លោក Maksym Kozytsky ប្រធានរដ្ឋបាល យោធាស៊ីវិល នៅក្នុងតំបន់ Lviv បានបញ្ជាក់ថា រោងចក្រឧស្សាហកម្មមួយកន្លែង ត្រូវបានវាយប្រហារនៅទីក្រុង Drohobych ក្នុងតំបន់ Lviv ស្ថិតនៅភាគខាងលិច ប៉ុន្តែមិនមានការរាយការណ៍ពីការស្លាប់ ឬរបួសនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា