ព័ត៌មានជាតិ

អាជ្ញាធរ នឹងផ្អាកចរាចរបណ្តោះអាសន្ន លើកំណាត់ផ្លូវមួយចំនួន ពេលដង្ហែក្បួនយុទ្ធនាការឃោសនា បោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖ អាជ្ញាធរភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទិញ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍កើតឡើង ។

យោងតាមសេចក្ដីជូនដំណឹងស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធមីទ្ទិញ បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ កុម្ភៈនេះ បានឲ្យដឹងថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំធ្វើមីទ្ទិញ បើកយុទ្ធនាការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦ព្រឹកដោយធ្វើការជួបជុំ នៅទីស្នាក់ការមន្ទីរគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលំរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។

បន្ទាប់មកធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំ ទៅតាមផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីទ្ទីង បើកយុទ្ធនាការឃោសនា នៅទីតាំងខាងលើនេះ អាចមានចរាចរមមាញឹកខ្លាំង ដោយសារមធ្យោបាយធ្វើដំណើរ របស់សមាជិក-សមាជិកា គណបក្សដែលអញ្ជើញចូលរួម ដូចនេះប្រជាពលរដ្ឋ ដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍កើតឡើង៕

To Top