ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការចូលរួមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ក្នុងការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមកកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ឲ្យងាកមកសិក្សាលើការប្រើប្រាស់ប្រភេទយានយន្តអគ្គិសនីផងដែរ។
នាឱកាសអនុញ្ញាតឲ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃ៦ កុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក មានជាអាថិ៍ការគាំទ្រជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា តាមរយៈការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមករាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្រ្តី បន្ដថា ជាក់ស្ដែងសកម្មភាពនេះ បានអនុវត្តស្របទៅតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការប្រើប្រាស់ថាមពលស្អាតឲ្យបានប្រមាណ៧០% នៃថាមពលសរុបត្រឹមឆ្នាំ២០៣០ និងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដាក់ចេញដោយអង្គការសហប្រជាជាតិផងដែរ។
លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ការចូលរួមរបស់ UNDP ក្នុងការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមកកម្ពុជា ក៏ជាទឡ្ហីករសំខាន់មួយរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋឱ្យងាកមកសិក្សាលើការប្រើប្រាស់ប្រភេទយានយន្តអគ្គិសនីផងដែរ»។
លោកស្រីអ្នកតំណាង UNDP បានកោតសរសើរលទ្ធផលយ៉ាងល្អប្រសើររបស់រាជរដ្ឋាភិបាលក្នុងកិច្ចការងារអភិវឌ្ឍន៍ជាតិនាពេលកន្លងមក ហើយឆ្លៀតក្នុងឱកាសនេះលោកស្រីក៏បានថ្លែងការអបអរសាទរឧបនាយករដ្ឋមន្ត្រីដែលបានទទួលទំនុកចិត្តពីរាជរដ្ឋាភិបាល ទទួលភារកិច្ចទាក់ទាញវិនិយោគិនចូលមកកម្ពុជាបន្ថែមទៀត។
លោកស្រី ក៏បានបង្ហាញជំហរខ្ពស់សន្យាយកចិត្តទុកដាក់ជួយកម្ពុជាក្នុងការរៀបចំគន្លឹះអភិវឌ្ឍន៍នានា សំដៅស្វែងរកសក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជាក្នុងការវិនិយោគ ដើម្បីបង្ហាញជូនបណ្ដាវិនិយោគិននៅលើពិភពលោក អាចស្វែងយល់អំពីកម្ពុជាឲ្យបានកាន់តែប្រសើរ៕