ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko នៅថ្ងៃពុធនេះ បានច្រានចោលលទ្ធភាពនៃការបន្តកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងតូក្យូ ក្រោមស្ថានភាពបច្ចុប្បន្ន។
លោក Rudenko ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា “នៅក្នុងស្ថានភាពបច្ចុប្បន្ន ការត្រលប់ទៅការសន្ទនាលើបញ្ហានៃសន្ធិសញ្ញា ដែលបានរៀបរាប់ខាងលើ គឺមិនអាចទៅរួចនោះទេ” ។
លោក Rudenko បានលើកឡើងថា “គោលនយោបាយមើលឃើញខ្លី” របស់រដ្ឋាភិបាលជប៉ុនបាននាំទំនាក់ទំនងទ្វេភាគីដល់កម្រិតទាបក្រោយសង្គ្រាម ហើយថាទីក្រុងតូក្យូ ត្រូវបោះបង់ចោលអរិភាពរបស់ខ្លួន ចំពោះរុស្ស៊ី និងចាត់វិធានការជាក់ស្តែង ដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាជំនួសឱ្យការបញ្ជូនសញ្ញាមិនច្បាស់លាស់។
បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសជប៉ុន បានចាប់ផ្តើមអនុវត្ត “ផ្លូវមិនរួសរាយរាក់ទាក់ចំពោះរុស្ស៊ី” ដោយលើកឡើងពីការដាក់ទណ្ឌកម្មរបស់ជប៉ុនលើរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា