ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូអាគុប ស៊េរីចាស់ ដឹកកូន២នាក់ទៅ យកប្រពន្ធចេញ ពីធ្វើការនៅពេលយប់ នៅផ្សារទំនើបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះ ពណ៌ស (មិនចាំស្លាកលេខ) បុកពីក្រោយ អូសឡើងចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់កូនស្រី ខណៈកូនប្រុសរបួសមធ្យម និងឪពុករបួសធ្ងន់ នៅចំណុចផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខបង្គោល គីឡូម៉ែត្រលេខ៧ (ខាងកើតថ្នល់) នៅម៉ោង៩ និង៣៥នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ដែលជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី២ ។ នេះបើតាមការផ្សព្វផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃ១២ កុម្ភៈ ។
បើតាមសាក្សីនៅកន្លែងកើតហេតុ រថយន្តបង្កបានបោះពួកយ៉ាងលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះ ប៉ើងខ្ទាតបោកនឹងថ្នល់ និងអូសទាំងមនុស្ស និងម៉ូតូឡើងចិញ្ចើមផ្លូវបណ្ដាល ឲ្យរបួសកូនស្រីធ្ងន់ធ្ងរហើយបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគ្រាក្រុមគ្រូពេទ្យ បានព្យាយាមសង្គ្រោះតាមលទ្ធភាពដែរ តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរ ពេកបានផុតដង្ហើម រីឯឪពុករងរបួសធ្ងន់ និងកូនប្រុសតូចរបួសមធ្យម។
ចំណែក រថយន្តមិនបន្ថយល្បឿនទេ ថែមទាំងកិនអូសម៉ូតូ ទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទី ស្ទើរទាំងស្រុង ហើយបន្ថែមល្បឿន បើករត់បាត់ស្រមោលតែម្តង។
បុរសជាឪពុកឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ ជាអ្នកបើកម៉ូតូអាគុប CUP-50 ស៊េរីចាស់ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ ជិះខាងមុខឈ្មោះ សោម សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ចំណែកកូនស្រីម្នាក់ទៀត ជិះឱបចង្កេះពីក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ ស្លាប់ពេលបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្ន រងចាំផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការតាមជំនាញបន្តទៀត ។
បច្ចុប្បន្ន សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរបស់ក្រុមគ្រួសារជនរងគ្រោះ ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្រុមគ្រួសារពុំសូវមានលទ្ធភាពធ្វើបុណ្យ បើមានសប្បុរសជនចង់ ជួយឧបត្ថម្ភចូលបុណ្យអាចទាក់ទង លេខទូរស័ព្ទម្ដាយក្មេងស្រីរងគ្រោះផ្ទាល់ 0969014020 ៕