ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យក្រសួងស្ថាប័នមានសិទ្ធិធ្វើសវនកម្ម លើស្ថាប័នផ្សេងៗ រៀបចំជាយន្តការណាមួយ កុំឲ្យអនុវត្តការងារត្រួតគ្នា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យគ្រប់ស្ថាប័ន និង នាយកដ្ឋានពាក់ព័ន្ធ ដែលមានសិទ្ធិ ចុះពិនិត្យ ធ្វើសវនកម្មលើស្ថាប័នផ្សេងៗ ត្រូវស្វែងរកយន្តការរួមណាមួយ ដើម្បីធ្វើយ៉ាងណា សម្របសម្រួល កុំឲ្យអនុវត្ត ការងារត្រួតស៊ីគ្នា ខណៈសម្តេចធិបតីមើលឃើញថា ទាំងអធិការកិច្ចផ្ទៃក្នុងនិងក្រៅ ធ្វើ៧ដង លើការងារតែមួយក្នុងមួយឆ្នាំ ។

ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” នាថ្ងៃទី១៣ កុម្ភៈ សម្តេចធិបតី មានប្រសាសន៍ថា “យន្តការការងារ របៀបរបបការងារនេះ គឺកិច្ចការធំ តាមខ្ញុំដឹង នាយកដ្ឋានខ្លះ របស់ក្រសួងស្ថាប័ន គឺថាទាំងសវនកម្ម ទាំងអធិការកិច្ចផ្ទៃក្នុង ផ្ទៃក្រៅ ៧ដង លើការងារតែមួយក្នុងមួយឆ្នាំ ។ ដោយស្ថាប័នខុសគ្នា ទាំងក្រៅទាំងក្នុង ដោយផ្អែកទៅលើបទដ្ឋានការងារខុសគ្នាទៀត ចឹងពេលខ្លះ មានការលំបាកដែរ”

សម្តេចធិបតីថា “ឥឡូវនៅថ្នាក់ជាតិរបស់យើង ផ្នែកខាងក្រៅ យើងមាន៤ស្ថាប័ន ដែលធ្វើកិច្ចការងារនេះ មានអាជ្ញាធរ សវនកម្មជាតិ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងអធិការកិច្ច ក្រសួងមុខងារសាធារណៈ ដែលមានសិទ្ធិធ្វើសវនកម្ម និងអធិការកិច្ចលើគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ ក្រោមជាតិរហូតដល់ខេត្ត ។ កន្លងទៅយើងមានបញ្ហានេះច្រើន ដែលយើងខិតខំសម្របសម្រួល យើងចេញអនុក្រឹត្យ១៦៨ ឆ្នាំ២០២០ យើងមានអនុក្រឹត្យលេខ៤០ ឆ្នាំ២០០៥ ហើយក្រោយមកកែ ២៦៥ ឆ្នាំ២០២៣នេះ ចុងឆ្នាំដើម្បីព្យាយាមធ្វើយ៉ាងណា សម្របសម្រួលកុំឲ្យត្រួតស៊ីគ្នាលើកិច្ចការងារនេះ នេះជាទិសដៅត្រូវហើយ ប៉ុន្តែជាក់ស្តែងការអនុវត្ត យើងមិនទាន់បានទេ ចឹងសូមឲ្យយកស្មារតី នៃអនុក្រឹត្យនេះ ដើម្បីធ្វើយ៉ាងណាដើម្បីជំរុញ ពង្រឹងទៅលើកិច្ចការងារនេះ”

សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា “កាលមុនយើង មានសវនកម្មផ្ទៃក្នុង ហើយអធិការកិច្ចផ្ទៃក្នុង ឥឡូវយើងបង្កើត មានយន្តការតាមដានសមិទ្ធកម្មទៀត (MNE) ចឹងមើលតើ៣នេះ ចាំបាច់ត្រូវមានទាំង៣ ឬមួយកន្លែងខ្លះវាជាន់គ្នាទៅហើយ ព្រោះចឹងត្រួតនៅក្នុងក្រសួង ទៅមើលតាមនាយកដ្ឋានមួយៗ ចឹងបាននាយកដ្ឋានខ្លះ ទាំងពីខាងក្រៅមក Audit (សវនកម្ម)ផង ទាំងខាងក្នុងផង ពេលខ្លះចូល៥ទៅ៦ដង លើកិច្ចការតែមួយ”។

ក្នុងនោះដែរ ដើម្បីកុំឲ្យការងារត្រួតគ្នា សម្តេចធិបតីបានស្នើលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យលើកិច្ចការងារនេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា “សូមឲ្យពិនិត្យ មើលទៅកិច្ចការងារនេះ ព្រោះដើម្បីសុគត៌ភាព តែមានលើសទី១ ហើយ ត្រូវតែមានយន្តការតាមដានត្រួតពិនិត្យ ការបែងចែកភារកិច្ច ការបែងចែកការ ទទួលខុសត្រូវ តាមអនុក្រឹត្យ១៦៨ ផ្សេងៗនេះ ជាការល្អ ប៉ុន្តែជំរុញការអនុវត្តនេះ យើងត្រូវមើល ជួនកាលអនុក្រឹត្យចេញហើយ ពេលដែលអនុវត្តទៅ វាប្រទាក់ក្រឡាតត្រូវកែសម្រួលយ៉ាងណា ។ ចឹងវាត្រូវមានការតាមដានត្រួតពិនិត្យ អាចពិនិត្យមើល ប្រគល់ភារកិច្ចណា ឬមួយក៏គណៈកម្មាធិការ គោលនយោបាយ មានសម្រាប់តាមដាន ជួយសម្រួល ទៅលើកិច្ចការងារនេះ ព្រោះយើង ចង់ធ្វើយ៉ាង ណាឲ្យផ្ទះរបស់យើង មានលំដាប់លំដោយ រៀបរយ លើកិច្ចការងារនេះ ព្រោះពេល ដែលស្ថាប័នអធិការកិច្ច និងសវនកម្ម រៀបរយសហការគ្នាល្អប្រសើរ ប្រទាក់ក្រឡាល្អ គឺអាចជួយ គឺថារៀបចំជាស្តង់ដារ ដើម្បីអនុវត្ត” ៕

To Top